ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ព្រមានបន្ដការសងសឹក ប្រឆាំងកូរ៉េខាងត្បូង

សេអ៊ូល៖ កាសែតដ៏សំខាន់ របស់ប្រទេសនេះ បានចុះផ្សាយថា ប្រទេសកូរ៉េខាងជើង នឹងចាត់វិធានការ បន្ទាប់ពីមានសកម្មភាព ដាក់ទណ្ឌកម្ម លើប្រទេសកូរ៉េខាងត្បូង ចំពោះខិត្តប័ណ្ណឃោសនា ប្រឆាំងក្រុងព្យុងយ៉ាង បន្ទាប់ពីប្អូនស្រី របស់មេដឹកនាំលោក គីម ជុងអ៊ុន បានព្រមានអំពីសកម្មភាពយោធា ប្រឆាំងនឹងកូរ៉េខាងត្បូង។

កូរ៉េខាងជើង បានរិះគន់កូរ៉េខាងត្បូង ស្ទើរតែរាល់ថ្ងៃក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយបានថ្កោលទោស ការបញ្ជូនខិត្តប័ណ្ណ ទៅរដ្ឋកុម្មុយនិស្តថា ជាទង្វើអរិភាព ដែលរំលោភកិច្ចព្រមព្រៀង សន្តិភាពជាបន្តបន្ទាប់។

កាលពីសប្តាហ៍មុនកូរ៉េខាងជើង បានប្តេជ្ញាកាត់ផ្តាច់ បណ្តាញទំនាក់ទំនងអន្តរកូរ៉េទាំងអស់ នៅក្នុងជំហានដំបូង ដែលខ្លួននឹងអនុវត្ត ប្រឆាំងនឹងប្រទេសកូរ៉េខាងត្បូង។

កាលពីថ្ងៃសៅរ៍ លោកស្រី គីម យូជុង ដែលជាប្អូនស្រីដ៏មានឥទ្ធិពល របស់មេដឹកនាំលោក គីម ជុងអ៊ុន បានធ្វើឱ្យមានភាពតានតឹងបន្ថែមទៀត ដោយគំរាមថា វាដល់ពេលដែលត្រូវបែកបាក់ ជាមួយកូរ៉េខាងត្បូង ហើយលោកស្រី បានផ្តល់ការណែនាំដល់កងទ័ពឱ្យចាត់វិធានការចាំបាច់ ដើម្បីដាក់ទណ្ឌកម្មលើកូរ៉េខាងត្បូង៕ ដោយ៖ ឈូក បូរ៉ា

To Top