បរទេស៖ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន នៅថ្ងៃចន្ទនេះ បានជំរុញប្រទេសកូរ៉េខាងជើងឲ្យឈប់ធ្វើឲ្យភាពតានតឹងកើនឡើង និងឲ្យវិលត្រឡប់មករកកិច្ចិពិភាក្សាគ្នាវិញ ក្រោយមានការគម្រាមកំហែងធ្វើឡើងដោយប្រព័ន្ធផ្សព្វផ្សាយក្នុងទីក្រុងព្យុងយ៉ាង ថានឹងកាត់ផ្តាច់ចំណងទាក់ទង ហើយនឹងចាត់វិធានការយោធា។
លោក មូន ជេអ៊ីន បាននិយាយប្រាប់កិច្ចប្រជុំមួយជាមួយជំនួយការជាន់ខ្ពស់នានា ដោយពោលសំដៅដល់កិច្ចព្រមព្រៀងធ្វើឡើងក្នុងជំនួបកំពូលនៃមេដឹកនាំទាំងពីរក្នុងឆ្នាំ២០១៨ដូច្នេះថា “ការសន្យាសន្តិភាពលើឧបទ្វីបកូរ៉េ ដែលលោក គីម ជុងអ៊ុន បានធ្វើឡើង នៅចំពោះមុខប្រជាជន៨០លាននាក់របស់យើង មិនអាចកែប្រែវិញទេ”។
គួរបញ្ជាក់ថា ការផ្ទុះកម្តៅកើនភាពតានតឹងខ្លាំងក្លាថ្មីៗនេះ រវាងប្រទេសជិតខាងគ្នាទាំងពីរនេះ បានបង្កឲ្យមានការភ័យខ្លាចអំពីការបង្កហេតុយោធាធ្វើឡើងដោយកូរ៉េខាងជើង និងបង្កឲ្យមានការបកថយក្រោយវិញ ស្របពេលមានការជាប់គាំងក្នុងកិច្ចពិភាក្សា ដើម្បីបញ្ឈប់កម្មវិធីនុយក្លេអ៊ែនិងមីស៊ីល៕ ប្រែសម្រួល៖ប៉ាង កុង

