បរទេស៖ក្រសួងការបរទេសរបស់ប្រទេសរុស្ស៊ី នៅថ្ងៃចន្ទនេះ បានធ្វើការកោះអញ្ជើញឯកអគ្គរដ្ឋទូតឆែក ស្របពេលមានភាពតានតឹង ផ្នែកការទូត រវាងទីក្រុងមូស្គូនិងទីក្រុងប្រាក នេះបើតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយកាសែត Us News នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា រដ្ឋាភិបាលនៃប្រទេសឆែក កាលពីដើមខែនេះ បានប្រកាសបុគ្គលិកពីររូបនៅស្ថានទូតរុស្ស៊ីក្នុងទីក្រុងប្រាក ថាជាបុគ្គលមិនគួររាប់រក និងបានបញ្ជាឲ្យពួកគេចាកចេញពីទឹកដីប្រទេសឆែក។
គួរបញ្ជាក់ថា កាលពីថ្ងៃទី០៥ ខែមិថុនា នាយករដ្ឋមន្ត្រីឆែក លោក Andrej Babis បានមានប្រសាសន៍ថា ការសម្រេចចិត្តបណ្ដេញ បុគ្គលិកការទូតរុស្ស៊ីទាំងពីររូបនោះ គឺត្រូវបានធ្វើឡើង ក្រោយអ្វីដែលលោកហៅថា ជាការប៉ះទង្គិចគ្នា ក្នុងចំណោមបុគ្គលិកស្ថានទូតរុស្ស៊ី ដែលនាំឲ្យមានការចោទប្រកាន់ ស្តីពីការវាយប្រហាររុស្ស៊ី លើអ្នកនយោបាយឆែក៣រូបគឺជាការគ្រោងទុក៕ប្រែសម្រួល៖ ប៉ាង កុង