បរទេស៖ រដ្ឋមន្ត្រីបង្រួបបង្រួមកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសកូរ៉េខាងត្បូង និងប្រទេសកូរ៉េខាងជើង គួរតែចងចាំស្មារតីផ្សះផ្សារគ្នា ដែលមានក្នុងជំនួបកំពូលដំបូងបំផុត របស់មេដឹកនាំនៃប្រទេសទាំងពីរ ដែលប្រារព្ធធ្វើឡើង កាលពី២ទសវត្សកន្លងទៅ។
យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង យុនហាប់ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា ការសង្កត់ធ្ងន់បែបនេះ របស់រដ្ឋមន្ត្រីបង្រួបបង្រួម កូរ៉េខាងជើងនេះ គឹត្រូវបានធ្វើឡើង ស្របពេល ដែលមានភាពតានតឹងកើនឡើង ក្រោយទីក្រុងព្យុងយ៉ាងបានគម្រាម ចាត់វិធានការយោធា ប្រឆាំងនឹងប្រទេសកូរ៉េខាងត្បូង។
នៅក្នុងអំឡុងថ្ងៃគម្រប់ខួបទី២០ នៃជំនួបកំពូលក្នុងទីក្រុងព្យុងយ៉ាង នាឆ្នាំ២០០០ រវាងប្រធានាធិបតីកូរ៉េខាងត្បូង លោក គីម ដេជុង និងប្រធានាធិបតីកូរ៉េខាងជើង លោក គីម ជុងអ៊ីលនោះ រដ្ឋមន្ត្រីបង្រួបបង្រួមកូរ៉េខាងត្បូង លោក គីម យ៉ុនជុល បានមានប្រសាសន៍ថា “អ្វីដែលយើងត្រូវធ្វើនោះ គឺរំឭកខ្លួនឯងអំពីស្មារតីថ្ងៃទី១៥ ខែមិថុនា ជាពេលដែលចំណងមិត្តភាព កូរ៉េខាងត្បូងនិងកូរ៉េខាងជើង ហៀបនឹងបាត់បង់ទិសដៅរបស់ខ្លួន”៕ ប្រែសម្រួល៖ប៉ាង កុង