ព័ត៌មានអន្តរជាតិ

ចិនសង្ឃឹមថា មានសន្តិភាព និងស្ថិរភាព លើឧបទ្វីបកូរ៉េ

បរទេស ៖ ក្រសួងការបរទេស របស់ប្រទេសចិន តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃអង្គារនេះថា ទីក្រុងប៉េកាំងមានក្តីសង្ឃឹមថា នឹងមានសន្តិភាព និងស្ថិរភាព នៅលើឧបទ្វីបកូរ៉េ ស្របពេលមានកម្តៅភាពតានតឹង កើនឡើងកាន់តែខ្លាំង រវាងទីក្រុងសេអ៊ូលនិង ទីក្រុងព្យុងយ៉ាង ។

យោងតាមសេចក្តី រាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Us News នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា មន្ត្រីនាំពាក្យក្រសួងការបរទេស របស់ប្រទេសចិន លោក Zhao Lijian បានធ្វើការថ្លែងយ៉ាងដូច្នោះ នៅក្នុងអំឡុងសន្និសីទកាសែតមួយ នៅក្នុងទីក្រុងប៉េកាំង។

គួរបញ្ជាក់ថា ក្រោយប៉ុន្មានថ្ងៃ បន្ទាប់ពីចេញការព្រមានរួច ប្រទេសកូរ៉េខាងជើង នៅរសៀលថ្ងៃអង្គារនេះ តាមសេចក្តីរាយការណ៍ បានបំផ្ទុះចោលការិយាល័យអន្តរទំនាក់ទំនងកូរ៉េ នៅទីក្រុង Kaesong ដែលស្ថិតនៅ តាមតំបន់ព្រំដែន បង្កឲ្យមានភាពតានតឹង កាន់តែខ្លាំងនៅលើឧបទ្វីបកូរ៉េ៕
ប្រែសម្រួល៖ប៉ាង កុង

To Top