បរទេស៖ ស្ថានទូតសហរដ្ឋអាមេរិក នៅទីក្រុងសេអ៊ូល បានដក បដាដែលសរសេរថា “ Black Lives Matter” ចេញពីអគារបេសកកម្ម របស់ខ្លួនហើយ កាលពីថ្ងៃច័ន្ទ ដែលនេះ គឺមានរយៈពេលតែ ២ ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីបដានេះ ត្រូវបានព្យួរបង្ហាញ ជាសាមគ្គីភាពជាមួយ“ ការប្រយុទ្ធប្រឆាំង នឹងភាពអយុត្តិធម៌ពូជសាសន៍ និងភាពឃោរឃៅ របស់ប៉ូលីស” នៅសហរដ្ឋអាមេរិក។
យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍ មួយផ្ញើទៅកាសែត The Korea Times នៅថ្ងៃអង្គារ អ្នកនាំពាក្យស្ថានទូតអាមេរិក បាននិយាយថា លោកឯកអគ្គរដ្ឋទូត Harry Harris បានដកបដានេះចេញ ដើម្បីជៀសវាងការ យល់ច្រលំថា លោកគាំទ្រក្រុមជាក់លាក់ណាមួយ ដែលដឹកនាំការតវ៉ា។
អ្នកនាំពាក្យរូបនេះបាននិយាយថា «ចេតនារបស់ឯកអគ្គរដ្ឋទូត គឺមិនមែនដើម្បីគាំទ្រ ឬលើកទឹកចិត្តដល់ការបរិច្ចាគ ដល់អង្គការជាក់លាក់ណាមួយឡើយ។ ដើម្បីចៀសវាងការយល់ច្រឡំថា លុយដុល្លារ របស់អ្នកជាប់ពន្ធអាមេរិក ត្រូវបានចំណាយ ដើម្បីផ្តល់ផលប្រយោជន៍ ដល់អង្គការបែបនេះ លោកបានបញ្ជាឱ្យដកបដាចេញ»៕
ប្រែសម្រួលៈ ណៃ តុលា