ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង នឹងដាក់ពង្រាយទ័ព ទៅកាន់ទីក្រុងព្រំដែន Kaesong និងភ្នំ Kumgang

សេអ៊ូល៖ ប្រទេសកូរ៉េខាងជើង បានឲ្យដឹងថា ខ្លួននឹងដាក់ពង្រាយកងទ័ព ទៅកាន់តំបន់ពាណិជ្ជកម្មអន្តរកូរ៉េ ចំនួន ២ នៅជិតព្រំដែន និងតំឡើងប៉ុស្តិ៍ការពារព្រំដែន ដែលត្រូវបានដកចេញ ក្រោមកិច្ចព្រមព្រៀង កាត់បន្ថយភាពតានតឹង ដែលនឹងបង្កើនភាពតានតឹងបន្ថែមទៀត មួយថ្ងៃបន្ទាប់ពី បិទការិយាល័យទំនាក់ទំនងរួមគ្នា។

ការសម្រេចចិត្ត ផ្លាស់ប្តូរកងទ័ព ទៅកាន់តំបន់ឧស្សាហកម្ម ដែលត្រូវបានបិទទ្វារ នាពេលបច្ចុប្បន្ននេះ នៅតាមព្រំដែន Kaesong និងតំបន់ទេសចរណ៍ Mount Kumgang នៅឆ្នេរសមុទ្រខាងកើត គឺជាសកម្មភាពចុងក្រោយបំផុត នៅក្នុងសកម្មភាពជាបន្តបន្ទាប់ ដែលកូរ៉េខាងជើង បានប្រឆាំងនឹងកូរ៉េខាងត្បូង ដោយកំហឹងចំពោះខិត្តប័ណ្ណ ប្រឆាំងនឹងទីក្រុងព្យុងយ៉ាង។

អគ្គសេនាធិការ នៃកងទ័ពប្រជាជនកូរ៉េ ក៏បានឲ្យដឹងផងដែរថា ខ្លួននឹងចាប់ផ្តើម ធ្វើសមយុទ្ធយោធាទៀងទាត់ គ្រប់ប្រភេទនៅជិតព្រំដែនអន្តរកូរ៉េ ក្នុងវិធានការជាក់ស្តែង ដើម្បីលុបចោលកិច្ចព្រមព្រៀងយោធា កាត់បន្ថយភាពតានតឹង ដែលកូរ៉េទាំងពីរ បានចុះហត្ថលេខាក្នុងឆ្នាំ ២០១៨៕ ដោយ៖ ឈូក បូរ៉ា

To Top