ព័ត៌មានអន្តរជាតិ

ឥណ្ឌូនេស៊ី រកឃើញអ្នកឆ្លង មេរោគកូវីដថ្មី ១០៣១នាក់ កាលពីថ្ងៃពុធ ក្លាយជាប្រទេស មានអ្នកឆ្លងមេរោគច្រើន ជាងគេនៅអាស៊ីអាគ្នេយ៍

ហ្សាការតា ៖ ប្រទេសឥណ្ឌូនេស៊ី បានរាយការណ៍ ពីការរកឃើញករណី ឆ្លងមេរោគកូវីដ១៩ថ្មីចំនួន ១.០៣១ នាក់កាលពីថ្ងៃពុធ ដោយសរុបអ្នកឆ្លង មានចំនួន ៤១.៤៣១ នាក់ ដោយបានវ៉ា ដាច់ប្រទេសសឹង្ហបុរី ជាមួយនឹងករណីជំងឺកូវីដ១៩ ខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែក តាមការលើកឡើង របស់មន្ត្រីក្រសួង សុខាភិបាល Achmad Yurianto ថា មានមនុស្សស្លាប់ចំនួន ៤៥ នាក់បន្ថែមទៀតនៅថ្ងៃពុធនេះ ដែលនាំឱ្យចំនួនអ្នកស្លាប់ សរុបដល់ ២.២៧៦ នាក់។ ប្រទេសឥណ្ឌូនេស៊ី មានចំនួនអ្នកស្លាប់ ដោយសារជំងឺឆ្លងខ្ពស់បំផុត នៅអាស៊ីបូព៌ា ក្រៅប្រទេសចិន ។

ប្រទេសឥណ្ឌូនេស៊ី មានការកើនឡើង នៃការឆ្លងនៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ជាមួយនឹងការបង្កើនការធ្វើតេស្ត៍មេរោគ នៅពេលដែលអាជ្ញាធរចាប់ផ្តើម បន្ធូរបន្ថយវិធានការ គម្លាតសង្គម នៅក្នុងរដ្ឋធានីហ្សាការតា និងបណ្តាទីក្រុងដទៃទៀត ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ ដែលបណ្តាលមកពីការរាតត្បាត រាតត្បាត។

លោកប្រធានាធិបតី ប្រទេសនេះ គឺលោក ចូកូ វីដូដូ និងមន្ត្រីដទៃទៀត បានអំពាវនាវឱ្យមានវិធានការ ដើម្បីទប់ស្កាត់រលក នៃការឆ្លងមេរោគលើកទី ២ និងបានគំរាមថា នឹងអនុវត្តវិធានការគម្លាត សង្គមដើម្បីទប់ស្កាត់វីរុសនេះ៕

ប្រែសម្រួលៈ ណៃ តុលា

To Top