ព័ត៌មានអន្តរជាតិ

ទំាងព្រឹកហ្មង! គ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧,៤រ៉ិចទ័រ វាយប្រហារ មកលើតំបន់ឆ្នេរសមុទ្រ នៃប្រទេសណូវែលសេឡង់

វែលលីងតុន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ថា ទីភ្នាក់ងារត្រួតពិនិត្យភូមិសាស្ត្រ របស់ប្រទេសណូវែលសេឡង់ ហៅថា GeoNet បានរាយការណ៍មកថា គ្រោះរញ្ជួយដីមួយកម្រិត៧,៤រ៉ិចទ័រ បានវាយប្រហារ មកលើតំបន់ឆេ្នរសមុទ្រ នៃក្រុង Gisborne នៅថ្ងៃសុក្រនេះ និងបានរញ្ជួយ ដល់ទូទាំងតំបន់ឆ្នេរខាងកើត នៅ North Island ក្នុងប្រទេសណូវែលសេឡង់ ។

ទីភ្នាក់ងារ GeoNet បានឲ្យដឹងថា គ្រោះរញ្ជួយដីបានកើតឡើង នៅវេលាម៉ោង១២និង៤៩នាទីព្រឹក ម៉ោងក្នុងស្រុក ។ គ្រោះរញ្ជួយដីមានជម្រៅ៣៣គីឡូម៉ែត្រ និងមានស្ថិតនៅចម្ងាយ ប្រមាណ៧០០គីឡូម៉ែត្រភាគឥសាន នៃក្រុង Gisborne ដែលជាទីក្រុងមួយ នៅឆ្នេរសមុទ្រខាងកើតនៃ North Island ។

អ្នកនាំពាក្យប៉ូលិសមួយរូប បាននិយាយថា មិនមានការខូចខាតណាមួយ ត្រូវបានរាយការណ៍ឲ្យដឹង ពីលទ្ធផលនៃការបង្កគ្រោះរញ្ជួយដី ។

ទីភ្នាក់ងារគ្រប់គ្រង សង្គ្រោះបន្ទាន់ជាតិ បានប្រកាសថា មិនទាន់មានរលកយក្សស៊ូណាមិ គំរាមកំហែង ដល់ប្រទេសណូវែលសេឡង់ឡើយ បន្ទាប់ពីគ្រោះរញ្ជួយដីនេះកើតឡើង ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top