ព័ត៌មានអន្តរជាតិ

ប្រេសិតនុយក្លេអ៊ែរ អាមេរិក-កូរ៉េខាងត្បូង ជួបពិភាក្សាចំពេល មានការគំរាមកំហែងខ្លាំង ពីកូរ៉េខាងជើង

សេអ៊ូល៖ ប្រភពការទូតមួយបានឲ្យដឹងថា ប្រេសិតនុយក្លេអ៊ែរកំពូលរបស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានជួបគ្នានៅទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃព្រហស្បតិ៍នេះបន្ទាប់ពីកូរ៉េខាងជើង បានគំរាមចាត់វិធានការយោធា ប្រឆាំងនឹងកូរ៉េខាងត្បូង។

ប្រភពដដែលបានឲ្យដឹងក្នុងលក្ខខណ្ឌអនាមិកថា លោក Lee Do-hoon តំណាងពិសេសទទួលបន្ទុកកិច្ចការសន្តិភាព និងសន្តិសុខ នៅឧបទ្វីបកូរ៉េ និងសមភាគីសហរដ្ឋអាមេរិកលោក Stephen Biegun អនុរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក បានធ្វើកិច្ចចរចានៅទីតាំង ដែលមិនបានបង្ហាញមុននេះបន្តិច។

កិច្ចប្រជុំរបស់អ្នកការទូតទាំងពីរ បានកើតឡើងនៅពេលភាពតានតឹងកំពុងកើនឡើងខ្ពស់នៅឧបទ្វីបកូរ៉េ បន្ទាប់ពីប្រទេសកូរ៉េខាងជើង បានបំផ្លាញការិយាល័យទំនាក់ទំនងអន្តរកូរ៉េ និងបានគំរាមពង្រាយកងទ័ពឡើងវិញនៅតាមតំបន់ព្រំដែន ដើម្បីតវ៉ានឹងការបញ្ជូនខិត្តប័ណ្ណឃោសនា ដោយអ្នករត់ចោលជួរទៅកាន់កូរ៉េខាងជើង៕ដោយ ឈូក បូរ៉ា

To Top