ព័ត៌មានអន្តរជាតិ

ប៉ូលិសថៃ ចាប់ខ្លួនអ្នកល្មើស បម្រាមគោចរកន្លងមក បានជាង ៤ម៉ឺននាក់ និងផ្តន្ទាទោស បានជាង ៣២.០០០នាក់

បរទេស៖ ប៉ូលិសបានចាប់ខ្លួនមនុស្សជាង ៤ ម៉ឺននាក់ពីបទប្រឆាំង នឹងបំរាមគោចរ ដែលត្រូវបានធ្វើឡើងក្នុងរយៈពេល ៧២ ថ្ងៃ ដើម្បីទប់ស្កាត់ ការរីករាលដាលនៃមេរោគ Covid-19 ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ក្នុងរយៈពេលជាង ៧២ ថ្ងៃដែលបានចាប់ផ្តើមនៅថ្ងៃទី ៣ ខែមេសា និងបញ្ចប់នៅថ្ងៃទី ១៤ ខែមិថុនា ចំនួនអ្នករំលោភបម្រាម គោចរសរុបចំនួន ៤១.៩៤១ នាក់ ត្រូវបានចាប់ខ្លួនទូទាំងប្រទេស ដែលជាមធ្យមគឺមាន ៥៨២ នាក់ក្នុងមួយថ្ងៃ។

អ្នកល្មើសទាំងនោះ ត្រូវបានបែងចែកជាពីរក្រុម គឺនៅក្នុងក្រុមទី ១ មានមនុស្ស ៣៧.៣៥៨ នាក់ត្រូវបានគេចាប់បាននៅខាងក្រៅផ្ទះរបស់ពួកគេ ក្នុងអំឡុងពេលម៉ោងបម្រាមគោចរ ដោយគ្មានការអនុញ្ញាតឬហេតុផលត្រឹមត្រូវ។ ហេតុផលទូទៅបំផុតរួមមានការចេញ ទៅរកស៊ីចំនួន ៨.៤១២ ករណី ឬ ២៥ ភាគរយបន្ទាប់មកមាន ៦.៧១៨ ករណីឬ ២០ ភាគរយដែលជនល្មើសកំពុងធ្វើដំណើរទៅផ្ទះ និង ៤.២៩០ នាក់ ដែលបើកបរដើម្បីតែការសប្បាយ (១៣%) ។

លោកឧត្តមសេនីយ៍ឯក Piya បាននិយាយថា ក្នុងចំណោមចំនួនសរុបនោះ ៣២.៥៣៩ នាក់ត្រូវបានកាត់ទោស ខណៈដែលនៅសល់ត្រូវបានផ្តល់ការព្រមាន។ នៅក្នុងក្រុមដែលនៅសេសសល់មានចំនួន ៤.៥៨៣ នាក់ត្រូវបានចាប់បានប្រមូលផ្តុំនៅក្នុងផ្ទះ និងចូលរួមក្នុងសង្គមដែលអាចចម្លងវីរុសបាន៕ប្រែសម្រួលៈ ណៃ តុលា

To Top