បរទេស៖ រូបភាពទាក់ទងនឹង “ បន្ទប់សំងាត់” របស់ប្រធានាធិបតីរុស្ស៊ី គឺជាផ្នែកមួយនៃឯកសារ ដែលមានឈ្មោះថា “ រុស្ស៊ី វិមានក្រឹមឡាំង ពូទីន” ដែលនឹងត្រូវចាក់ផ្សាយ លើកញ្ចក់ទូរទស្សន៍ Rossiya 1 នៅថ្ងៃទី ២១ ខែមិថុនា។ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានបង្ហាញអ្នកសារព័ត៌មាន មកពីប៉ុស្តិ៍ទូរទស្សន៍រុស្ស៊ី Rossiya 1 អំពីអ្វីដែលអ្នកយកព័ត៌មានហៅថា បន្ទប់សម្ងាត់របស់ប្រធានាធិបតី។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា បន្ទាប់ពីបង្ហាញអ្នកកាសែត នូវការិយាល័យរបស់លោក ពេលនោះពូទីនបានប្រាប់ពួកគេថា « មានបន្ទប់បរិភោគអាហារ និងបន្ទប់សំរាកលំហែ” នៅខាងក្រោយទ្វារការិយាល័យ។
ប្រធានាធិបតីរុស្ស៊ីបាននិយាយថា «ប៉ុន្តែខ្ញុំព្រមានអ្នក ខ្ញុំមិនបានធ្វើការរៀបចំ នៅទីនោះជាមុនទេ ដូច្នេះមានបរិយាកាសការងារនៅក្នុងបន្ទប់។ អ្នកប្រហែលជាអ្នកកាសែតដំបូងគេ ដែលមកទីនេះ» ។
រូបភាពពី Rossiya 1 បង្ហាញបន្ថែមទៀតពីតុ របស់ប្រធានាធិបតី នៅក្នុងការិយាល័យ ដែលជាកន្លែងដែលសិប្បកម្ម និងគំនូររបស់កុមារ ត្រូវបានបង្ហាញដល់គាត់ ក្នុងដំណើរកម្សាន្តផ្សេងៗ៕ ប្រែសម្រួលៈ ណៃ តុលា