បរទេស៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន នៅថ្ងៃសុក្រនេះ បានទទួលយក ការសុំលាឈប់ពីតំណែង របស់រដ្ឋមន្ត្រីទទួលបន្ទុក កិច្ចការចំណងមិត្តភាព ជាមួយកូរ៉េខាងជើង ស្របពេលដែលភាពតានតឹង ជាមួយទីក្រុងព្យុងយ៉ាង បានកើនឡើង ជុំវិញសកម្មភាព របស់ជនរត់ចោលស្រុកកូរ៉េខាងជើង នៅកូរ៉េខាងត្បូង និងកិច្ចការការទូតជាប់គាំង។
រដ្ឋមន្ត្រីបង្រួបបង្រួមកូរ៉េខាងត្បូង លោក Kim Yeon-chul ដែលគ្រប់គ្រង លើកិច្ចពាក់ព័ន្ធ ជាមួយប្រទេសកូរ៉េខាងជើង នៅថ្ងៃពុធសប្ដាហ៍នេះ បានស្នើសុំចុះចេញពីតំណែង ដោយបង្ហាញឲ្យឃើញ ពីទំនួលខុសត្រូវរបស់លោកផ្ទាល់ ចំពោះចំណងមិត្តភាព ដែលកំពុងតែអាក្រក់ខ្លាំងឡើង។
គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើង នាពេលថ្មីៗនេះ មិនអើពើចំពោះសំណើទីក្រុងសេអ៊ូល ដែលសុំឲ្យមានកិច្ចពិភាក្សាគ្នា ជាកិច្ចប្រឹងប្រែង ឲ្យចាប់ផ្តើមជាថ្មី នូវគម្រោងសេដ្ឋកិច្ចអន្តរកូរ៉េ ដែលជាប់គាំង ដោយសារតែទណ្ឌកម្មអន្តរជាតិដាក់ ដើម្បីទប់ស្កាត់កម្មវិធីនុយក្លេអ៊ែ និងមីស៊ីល របស់ប្រទេសកូរ៉េខាងជើង៕ ប្រែសម្រួល៖ប៉ាង កុង