បរទេស៖ គយចិនបាននិយាយថា ខ្លួនបានផ្អាកការនាំចូលផលិតផលបសុបក្សី ចូលមកប្រទេសចិនពីរោងចក្រមួយដែល គ្រប់គ្រងដោយក្រុមហ៊ុនផ្គត់ផ្គង់ សាច់អាមេរិក Tyson Foods ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកការលើកឡើងរបស់អគ្គនាយកដ្ឋានគយ នៅលើគេហទំព័ររបស់ខ្លួនថា ការផ្អាកនេះបានកើតឡើងបន្ទាប់ពីក្រុមហ៊ុនអាមេរិកនេះ បានបញ្ជាក់ថា ខ្លួនបានរកឃើញការឆ្លងមេរោគកូវីដ-១៩ នៅរោងចក្រក្នុងរដ្ឋ Arkansas។
យោងតាមសេចក្តីថ្លែងការណ៍របស់គយចិនបានឱ្យដឹងថា រាល់ផលិតផលទាំងអស់ដែលបានមកពីរោងចក្រ Tyson ដែលបានមកដល់ប្រទេសចិន ឬបានមកដល់រួចហើយ នឹងត្រូវរឹបអូសដោយគយ។
ចំណែកក្រុមហ៊ុន Tyson Foods Inc បាននិយាយកាលពីថ្ងៃសុក្រថា បុគ្គលិករបស់ខ្លួនជាង ១៣ ភាគរយនៅរដ្ឋ Arkansas បានធ្វើតេស្ត៍វិជ្ជមានសម្រាប់ COVID-19 ។ ក្រុមហ៊ុនបាននិយាយថាក្នុងចំណោមកម្មករ ៣.៧៤៨ នាក់ គឺមានកម្មករ ៤៨១ នាក់បានឆ្លងជំងឺនេះ។
ចាប់តាំងពីការចាប់ផ្តើមនៃការរីករាលដាលនៃជំងឺឆ្លងនៅក្នុងខែមីនា ក្រុមហ៊ុន Tyson Foods បានបញ្ឈប់សកម្មភាព ជាបណ្តោះអាសន្ននៅតាមបណ្តារោងចក្រជាច្រើន ដើម្បីសម្អាតឱ្យបានស៊ីជម្រៅនិងធានានូវការអនុលោម តាមគោលការណ៍ ណែនាំរបស់សហព័ន្ធសហរដ្ឋអាមេរិក នៅពេលបុគ្គលិកជាច្រើន បានធ្វើតេស្តិ៍វិជ្ជមាននិងធ្លាក់ខ្លួនឈឺ៕ប្រែសម្រួលៈ ណៃ តុលា