បរទេស៖ ប្រទេសកូរ៉េខាងជើង បានប្តេជ្ញាជំរុញបន្តជាមួយយុទ្ធនាការ ដើម្បីបញ្ជូនខិត្តប័ណ្ណផ្សព្វផ្សាយ ចូលទៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយនិយាយថា វាមិនបានប្រកាន់ខ្ជាប់ ជាមួយកិច្ចព្រមព្រៀងអន្តរកូរ៉េ នេះបើយោងតាមការចេញផ្សាយ របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង នៅថ្ងៃអាទិត្យនេះ។
ស្របពេល ដែលប្រព័ន្ធផ្សព្វផ្សាយរាយការណ៍ អំពីប្រជាជនជកូរ៉េខាងជើង ដែលមានកំហឹង កំពុងពន្លឿនយុទ្ធនាការ ខិត្តប័ណ្ណទ្រង់ទ្រាយធំរបស់ខ្លួននោះ ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង ដែលកំពុងតែគ្រប់គ្រង កិច្ចការឆ្លងព្រំដែន នៅថ្ងៃសៅរ៍ម្សិលមិញនេះ បានជំរុញឲ្យលុបចោលគម្រោង ដោយលើកឡើង ពីការរំលោភកិច្ចព្រមព្រៀងសន្តិភាព។
គួរបញ្ជាក់ថា ភាពតានតឹង កំពុងតែមានការកើនកម្តៅខ្លាំងក្លាឡើង ក្រោយប្រទេសកូរ៉េខាងជើង បានធ្វើការបំផ្ទុះចោល ការិយាល័យអន្តរទំនាក់ទំនង និងគម្រាមប្រើចំណាត់ការយោធា ជុំវិញជនជាតិកូរ៉េខាងជើង រត់ចោលប្រទេស ស្នាក់នៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលបញ្ជូនខិត្តប័ណ្ណ ប្រឆាំងកូរ៉េខាងជើង ឆ្លងព្រំដែន៕ ប្រែសម្រួល៖ប៉ាង កុង