បរទេស៖រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Mike Pompeo នៅថ្ងៃចន្ទសប្ដាហ៍នេះ បានស្នើឲ្យមានការ ដោះលែងភ្លាមៗ នូវជនជាតិកាណាដាពីររូប ដែលចិនចោទប្រកាន់ពីបទ ស៊ើបការណ៍សម្ងាត់ ដោយនិយាយថា សហរដ្ឋអាមេរិក មានក្តីព្រួយបារម្ភក្រៃលែង និងថា ការចាប់ឃុំខ្លួនមនុស្សទាំងពីរនាក់នោះ គឺជាទង្វើខុសច្បាប់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោករដ្ឋមន្ត្រីការបរទេសអាមេរិក បាននិយាយប្រាប់ដូច្នេះថា “ការចោទប្រកាន់ទាំងនោះ គឺជាហេតុផលនយោបាយ និងមិនមានមូលដ្ឋានច្បាស់លាស់ទាំងស្រុង”។
រដ្ឋអាជ្ញាចិន តាមសេចក្តីរាយការណ៍ បានប្រកាសបទចោទប្រកាន់ កាលពីថ្ងៃសុក្រ ចំពោះអតីតមន្ត្រីការទូត លោក Michael Kovrig និងអតីតពាណិជ្ជករ លោក Michael Spavor ដែលត្រូវចាប់ខ្លួនកាលពីចុងឆ្នាំ២០១៨។
គួរបញ្ជាក់ថា បុរសកាណាដាទាំងពីររូបនោះ ត្រូវបានចាប់ឃុំខ្លួនភ្លាមៗ បន្ទាប់ពីប៉ូលីសកាណាដា បានចាប់ឃុំខ្លួន ប្រធានផ្នែកហិរញ្ញវត្ថុ របស់ក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei Technologies Co Ltd’s [HWT.UL] គឺលោកស្រី Meng Wanzhou ទៅតាមដីការបស់សហរដ្ឋអាមេរិក៕ ប្រែសម្រួល៖ប៉ាង កុង