ព័ត៌មានអន្តរជាតិ

ប្រេសិតរុស្ស៊ី និងអាមេរិក ពិភាក្សាគ្នាអំពី សន្ធិសញ្ញានុយក្លេអ៊ែនៅ ទីក្រុងវីយែន

បរទេស៖ ក្រសួងការបរទេសរុស្ស៊ី តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា អនុរដ្ឋមន្ត្រីរបស់ប្រទេសរុស្ស៊ី និងប្រេសិត ពិសេសរបស់ប្រធានាធិបតី សហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការគ្រប់គ្រងអាវុធ នៅថ្ងៃចន្ទសប្ដាហ៍នេះ បានពិភាក្សាគ្នាអំពីបញ្ហាសន្តិសុខពិភពលោក និងការបន្តសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែ START ជាពិសេស។

លោក Sergey Ryabkov និងលោក Marshall Billingslea នៅក្នុងកិច្ចពិភាក្សាគ្នានៅទីក្រុងវីយែន ក៏បានពិភាក្សាគ្នាអំពីបញ្ហា ទ្រទ្រង់ស្ថិរភាពនិងភាពអាចប៉ាន់ស្មាន បាន នៅក្នុងលក្ខខណ្ឌ ក្រោយបញ្ចប់សន្ធិសញ្ញាកងកម្លាំងនុ យក្លេអ៊ែវាយប្រហារមធ្យម នេះបើយោងតាមក្រសួងរុស្ស៊ី បាននិយាយនៅលើគេហទំព័ររបស់ខ្លួន។

គួរបញ្ជាក់ថា ប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក បានចោទដាក់គ្នាទៅវិញទៅមក ពីបទរំលោភបំពានកាតព្វកិច្ចនៃ សន្ធិសញ្ញា ប៉ុន្តែបានបន្តប្រកាន់ខ្ជាប់សន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រ New START ដែលកំណត់ចំនួន ក្បាលគ្រាប់នុយក្លេអ៊ែ ដែលទីក្រុងមូស្គូនិងទីក្រុងវ៉ាស៊ីនតោន អាចមាននៅពេលណាមួយ៕ ប្រែសម្រួល៖ប៉ាង កុង

To Top