បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន កូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃពុធនេះថា ប្រទេសកូរ៉េខាងជើង ទើបបានសម្រេចចិត្តផ្អាកគម្រោង ធ្វើសកម្មភាពយោធា ប្រឆាំងប្រទេសកូរ៉េខាងត្បូង ស្របពេលមានសេចក្តីរាយការណ៍មួយ បានលើកឡើងថា កងទ័ពកូរ៉េខាងជើង កំពុងតែទម្លាក់ចុះវិញ នូវឧបករណ៍បំពងសម្លេង ដែលទើបបានដំឡើងនាពេលថ្មីៗនេះ នៅតាមតំបន់ព្រំដែន។
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើជាអធិបតីភាពកិច្ច ប្រជុំតាមវីដេអូខលមួយ របស់គណៈកម្មាធិការយោធាកណ្ដាល របស់បក្សកាន់អំណាច កាលពីថ្ងៃអង្គារម្សិលមិញនេះ ជាទីដែលសមាជិក ធ្វើការវាយតម្លៃស្ថានការណ៍ នៅមុនពេលធ្វើការសម្រេចចិត្ត ផ្អាកផែនការយោធា។
គួរបញ្ជាក់ថា ភាពតានតឹងនយោបាយ រវាងប្រទេសកូរ៉េទាំងពីរ កំពុងតែកើនកម្តៅខ្លាំងឡើង ជុំវិញគោលបំណង ប្រឆាំងរបស់ទីក្រុងព្យុងយ៉ាង ចំពោះផែនការធ្វើឡើង ដោយក្រុមដឹកនាំ ដោយជនរត់ចោលប្រទេស នៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលបញ្ជូនខិត្តប័ណ្ណឃោសនា ទៅក្នុងប្រទេសកូរ៉េខាងជើង៕ ប្រែសម្រួល៖ប៉ាង កុង
