ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ត្រៀមខ្លួនរួចរាល់ សម្រាប់កិច្ចពិភាក្សាគ្នា ប្រសិនបើអាមេរិកសុំទោស ជុំវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែ

បរទេស៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាស្សាន រ៉ូហានី បាននិយាយនៅថ្ងៃពុធនេះថា ប្រទេសអ៊ីរ៉ង់ នឹងបើកទូលាយចំពោះកិច្ចពិភាក្សាគ្នា ជាមួយសហរដ្ឋអាមេរិក ប្រសិនបើទីក្រុងវ៉ាស៊ីនតោន សុំទោសសម្រាប់ការដកខ្លួនចេញ ពីកិច្ចព្រមព្រៀងនុយក្លេអ៊ែ និងសងជម្ងឺចិត្តដល់អ៊ីរ៉ង់ ហើយលោករំឭកថា សំណើអាមេរិកសុំឲ្យមានកិច្ចពិភាក្សាគ្នា គឺមិនមានភាពស្មោះត្រង់ទេ។

នៅក្នុងសុន្ទរកថាថ្លែងលើកញ្ចក់ទូរទស្សន៍ លោក រ៉ូហានី បានមានប្រសាសន៍ដូច្នេះថា “យើងគ្មានបញ្ហាជាមួយការពិភាក្សាគ្នាជាមួយនឹងសហរដ្ឋអាមេរិកនោះទេ ប៉ុន្តែប្រសិនបើទីក្រុងវ៉ាស៊ីនតោន បំពេញកាតព្វកិច្ចខ្លួន ក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែ សុំទោសនិងសងជម្ងឺចិត្តទីក្រុងតេអេរ៉ង់ សម្រាប់ការដកខ្លួនចេញពីកិច្ចព្រមព្រៀងឆ្នាំ២០១៥”។

គួរបញ្ជាក់ថា ការប្រឈមមុខដាក់គ្នា រវាងសត្រូវទាំងពីរ គឺទីក្រុងតេអេរ៉ង់និងទីក្រុងវ៉ាស៊ីនតោន បានក្លាយជាកាន់តែអាក្រក់ខ្លាំងឡើង ចាប់តាំងពីឆ្នាំ២០១៨មក ជាពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥ ជាមួយមហាអំណាចធំៗ និងបានដាក់ទណ្ឌកម្មឡើងវិញ ដែលធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចអ៊ីរ៉ង់៕ ប្រែសម្រួល៖ប៉ាង កុង

To Top