បរទេស៖ នាវាទ័ពជើងទឹកអាមេរិក តាមសេចក្តីរាយការណ៍ នៅថ្ងៃអង្គារម្សិលមិញនេះ បានធ្វើដំណើរក្បែរតំបន់ឆ្នេរ ប្រទេសវេណេស៊ុយអេឡា ហើយនេះជាអ្វី ដែលទីបញ្ជាការភាគខាងត្បូង របស់យោធាសហរដ្ឋអាមេរិក ហៅថាជាប្រតិបត្តិការ សេរីភាពនាវាចរណ៍ ក្រោយមួយថ្ងៃបន្ទាប់ពី នាវាដឹកទំនិញមួយគ្រឿង មកពីប្រទេសអ៊ីរ៉ង់ បានចូលចតនៅផែ នៃប្រទេសវេណេស៊ុយអេឡា។
ក្នុងសារបង្ហោះ លើគេហទំព័ររបស់ខ្លួន ទីបញ្ជាការភាគខាងត្បូង បាននិយាយប្រាប់ថា នាវាពិឃាតសមត្ថភាពមីស៊ីល USS Nitze បានធ្វើដំណើរក្នុងតំបន់មួយ ខាងក្រៅដែនទឹកប្រទេសវេណេស៊ុយអេឡា ដែលស្ថិតនៅចម្ងាយ ប្រមាណ១២ម៉ាយ ពីតំបន់ឆ្នេរ ប៉ុន្តែស្ថិតក្នុងតំបន់ ដែលរដ្ឋាភិបាលវេណេស៊ុយអេឡា អះអាងកម្មសិទ្ធិគ្រប់គ្រង។
គួរបញ្ជាក់ថា សកម្មភាពនេះ គឺត្រូវបានធ្វើឡើង បន្ទាប់ពីរដ្ឋបាលលោក ត្រាំ បាននិយាយក្នុងខែមេសាថា ខ្លួនកំពុងតែបញ្ជូន ឧបករណ៍យោធាអាមេរិក កាន់តែច្រើនឡើង ទៅកាន់សមុទ្រការ៉ាប៊ីន ជាផ្នែកនៃការទប់ស្កាត់ ការដឹកជញ្ជូនគ្រឿងញៀន ធ្វើឡើងដោយប្រធានាធិបតី វេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ ជាសង្គមនិយមបុគ្គលមួយរូប ដែលអាមេរិក និងប្រទេសលោកខាងលិច ភាគច្រើនចាត់ទុកថា មិនស្របច្បាប់៕ ប្រែសម្រួល៖ប៉ាង កុង
