ព័ត៌មានអន្តរជាតិ

អាមេរិក ដាក់ទណ្ឌកម្មលើ ប្រធាននាវាអ៊ីរ៉ង់ ៥រូប ពីបទដឹកប្រេងទៅ វេណេស៊ុយអេឡា

បរទេស៖ សហរដ្ឋអាមេរិក នៅថ្ងៃពុធសប្ដាហ៍នេះ បានដាក់ទណ្ឌកម្មលើប្រធាននាវាអ៊ីរ៉ង់៥រូប ដែលបានដឹកជញ្ជូនប្រេងទៅឲ្យ ប្រទេសវេណេស៊ុយអេឡា ហើយរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បានធ្វើការអះអាងជាថ្មី នូវការគាំទ្ររបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះមេដឹកនាំ ប្រឆាំងវេណេស៊ុយអេឡា លោក Juan Guaido។

ថ្លែងនៅក្នុងសន្និសីទកាសែតមួយ លោក លោក Mike Pompeo បានមានប្រសាសន៍ថា នាវាទាំងនោះ បានដឹកប្រេងអ៊ីរ៉ង់ ប្រហែល១,៥លានបារ៉ែល និងសម្ភារៈពាក់ព័ន្ធ និងបានព្រមាន នាវាសមុទ្រមិនឲ្យធ្វើពាណិជ្ជកម្ម ជាមួយរដ្្ឋាភិបាលរបស់លោក ប្រធានាធិបតីវេណេស៊ុយអេឡា នីកូឡាស់ ម៉ាឌូរ៉ូ ដែលទីក្រុងវ៉ាស៊ីនតោនស្វះស្វែងព្យាយាម ឲ្យចុះចេញពីអំណាច។

នៅក្នុងសេចក្តីថ្លែងការណ៍ មួយក្រោមមកទៀត រដ្ឋមន្ត្រីការ បរទេសសហរដ្ឋអាមេរិក បានមានប្រសាសន៍យ៉ាងដូច្នេះថា “ជាលទ្ធផលនៃទណ្ឌកម្មថ្ងៃនេះ ទ្រព្យសម្បត្តិរបស់កាពីទែនទាំងនេះ នឹងត្រូវបានបង្កកចោល ចំណែកអាជីពនិងទស្សនវិស័យរបស់ពួកគេ នឹង ទទួលរង់ពីការដាក់ទណ្ឌកម្មនេះ”៕ ប្រែសម្រួល៖ប៉ាង កុង

To Top