ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ គំរាមដាក់ពន្ធលើទំនិញ គ្រឿងសមុទ្រ នាំចូលពីប្រទេសចិន

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ បានគំរាមដាក់ពន្ធលើគ្រឿងសមុទ្រដែលនាំចូលពីប្រទេសចិនប្រសិនបើរដ្ឋាភិបាលទីក្រុងប៉េកាំង មិនបំពេញតាមការប្តេជ្ញាចិត្តជាក់លាក់នៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី ១ នោះទេ។ នេះបើតាមកំណត់ហេតុដែលចេញដោយសេតវិមាន។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា លោក ត្រាំ បាននិយាយនៅក្នុងកំណត់ហេតុមួយកាលពីថ្ងៃពុធ ទៅកាន់រដ្ឋមន្រ្តីកសិកម្ម ពាណិជ្ជកម្ម និងតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកថាក្នុងករណីដែលអ្នកតំណាងពាណិជ្ជកម្មកំណត់ថា ប្រទេសចិនមិនបំពេញតាមការសន្យាទិញរបស់ខ្លួនក្រោមកិច្ចព្រមព្រៀងដំណាក់កាលទី ១ ទាក់ទងនឹងគ្រឿងសមុទ្រ អ្នកតំណាងពាណិជ្ជកម្មត្រូវពិចារណាលើវិសាលភាពដែលត្រូវបានអនុញ្ញាតដោយច្បាប់ ដោយចាត់វិធានការសមស្របទាំងអស់ ដើម្បីដាក់ពន្ធសងសឹកទៅវិញទៅលើការនាំចេញគ្រឿងសមុទ្រពីប្រទេសចិន។

កំណត់ហេតុនេះបានបន្ថែមថា ចាប់ពីថ្ងៃទី ១៥ ខែសីហា អ្នកតំណាងពាណិជ្ជកម្មអាមេរិក នឹងបញ្ជូនរបាយការណ៍ប្រចាំខែទៅកាន់ប្រធានាធិបតីអាមេរិកដោយលំអិតថា តើប្រទេសចិនមានភាពជឿនលឿនក្នុងការបំពេញតាមការប្តេជ្ញាចិត្តទិញរបស់ខ្លួនក្រោមកិច្ចព្រមព្រៀងដំណាក់កាលទី ១ ទាក់ទងនឹងការទិញអាហារសមុទ្រអាមេរិកឬយ៉ាងណា។ អ្នកតំណាងពាណិជ្ជកម្មអាមេរិកក៏នឹងរាយការណ៍ជារៀងរាល់ខែអំពីតម្លៃនៃការនាំប្រេងរបស់រដ្ឋ Maine និងការនាំចេញបង្កងរបស់អាមេរិកទៅកាន់ប្រទេសចិន។

កាលពីសប្តាហ៍មុនលោក Pompeo បាននិយាយថាអ្នកការទូតកំពូលរបស់ប្រទេសចិនបានផ្តល់អនុសាសន៍ដើម្បីអនុវត្តកាតព្វកិច្ចរបស់ទីក្រុងប៉េកាំងក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី ១ រវាងសហរដ្ឋអាមេរិកនិងចិន៕ប្រែសម្រួលៈ ណៃ តុលា

To Top