បរទេស៖ ប្រទេសបារំាង អាល្លឺម៉ង់ និងប្រទេសអ៊ីតាលី នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានអំពាវនាវឲ្យកងកម្លាំង នៅក្នុងប្រទេសលីប៊ីឈប់ប្រយុទ្ធគ្នា និងឲ្យភាគីខាងក្រៅ ឈប់ធ្វើការជ្រៀតជ្រែកណាមួយ ក្នុងគោលបំណង ព្យាយាមឲ្យមានកិច្ចពិភាក្សានយោបាយ វិលត្រឡប់មកវិញ។
នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយ ប្រទេសទាំងនេះ បាននិយាយប្រាប់ដូច្នេះថា “ដោយមើលឃើញ ពីហានិភ័យកើនឡើង នៃស្ថានភាពកាន់តែដុនដាប នៅក្នុងប្រទេសលីប៊ីនោះ ប្រទេសបារាំង អាល្លឺម៉ង់ និងអ៊ីតាលី បានឲ្យអំពាវនាវឲ្យភាគី នៅលីប៊ីទាំងអស់ ឲ្យឈប់ប្រយុទ្ធគ្នាភ្លាមៗ និងឥតលក្ខខណ្ឌ”។ “ពួកគេក៏ជំរុញ តួអង្គបរទេសនានា ឲ្យឈប់ធ្វើការជ្រៀតជ្រែកគ្រប់រូបភាពទាំងអស់ និងឲ្យគោរពយ៉ាងពេញលេញ នូវបម្រាមអាវុធ ដែលក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ បានបង្កើតឡើង”។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា ចំណងមិត្តភាព រវាងសម្ពន្ធមិត្តណាតូ គឺប្រទេសបារាំងនិងតួកគី បានធ្លាក់ចុះ ក្នុងពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ជុំវិញជម្លោះនៅលីប៊ី៕ ប្រែសម្រួល៖ប៉ាង កុង

