បរទេស៖ សហរដ្ឋអាមេរិក នៅពេលថ្មីៗនេះ បានទទួលយកសំណើ របស់សហភាពអឺរ៉ុប បង្កើតកិច្ចពិភាក្សាគ្នាថ្មី ដើម្បីនិយាយគ្នាអំពីការគម្រាមកំហែង ដែលចិនបង្កឡើង ចំពោះលោកខាងលិច នេះបើតាមការប្រកាស របស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។
សេចក្តីប្រកាសបែបនេះ របស់រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិកនេះ គឺត្រូវបានធ្វើឡើង ស្របពេលដែលលោកនិយាយថា រដ្ឋបាលលោក ត្រាំ កំពុងតែពិចារណាយុទ្ធសាស្ត្រ ដាក់ពង្រាយយោធាអាមេរិក លើពិភពលោក ដើម្បីធានាឲ្យបានថា វាគឺស្ថិតក្នុងគោលជំហរ ប្រឆាំងភាពគឃ្លើន របស់ប្រទេសចិន។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា សំណើរបស់សហភាពអឺរ៉ុបនោះ គឺត្រូវបានធ្វើឡើង ដោយតំណាងជាន់ខ្ពស់ ទទួលបន្ទុកកិច្ចការបរទេស របស់សហភាពអឺរ៉ុប គឺលោក Jospeh Borrell នៅក្នុងកិច្ចសន្ទនាគ្នា តាមទូរស័ព្ទមួយ ជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក កាលពីជាងមួយសប្ដាហ៍មុន៕ ប្រែសម្រួល៖ប៉ាង កុង