ព័ត៌មានអន្តរជាតិ

ជប៉ុន មិនទាន់សម្រេចចិត្តថា ដាក់ប្រទេស ក្នុងគ្រាអាសន្នបន្តទៀត ឬយ៉ាងណានោះទេ ទោះបីការឆ្លងជំងឺកូវីដ១៩ កំពុងកើនឡើងក្តី

តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ថា នៅថ្ងៃចន្ទនេះ រដ្ឋាភិបាលជប៉ុន បានឲ្យដឹងថា រដ្ឋាភិបាល នឹងនៅមិនទាន់សម្រេចចិត្តភ្លាមៗ ដោយប្រកាសដាក់ប្រទេស ស្ថិតក្នុងគ្រាមានអាសន្ននៅឡើយទេ បើទោះបីជាករណីឆ្លងជំងឺកូវីដ១៩ ជាប្រចាំថ្ងៃបន្តកើនឡើងខ្ពស់ នៅក្រុងតូក្យូ ហើយការឆ្លងជំងឺ បានហក់ឡើង នៅទូទាំងប្រទេសក្តី ។

លោក Yoshihide Suga អ្នកនាំពាក្យមកពីទីស្តីការ គណៈរដ្ឋមន្ត្រីជប៉ុន បានប្រាប់ឲ្យដឹងនៅក្នុងសន្និសីទ សារព័ត៌មានថា ថ្មីៗនេះមានករណីឆ្លងជំងឺ កើនឡើងខ្ពស់ ពិសេសនៅក្រុងតូក្យូ មិនទាន់មានការប្រកាស ណាមួយដោយរដ្ឋាភិបាល ដែលដាក់ប្រទេស ស្ថិតក្នុងគ្រាអាសន្នថ្មី ដោយសារការឆ្លងជំងឺបង្ក ដោយវីរុសនេះនៅឡើយទេ ។

គួររំលឹកថា កាលពីថ្ងៃទី១៩ ខែមិថុនា រដ្ឋាភិបាលបានដកបម្រាម ក្នុងការរឹតត្បិតការធ្វើដំណើរទូទាំង ប្រទេសទាំងស្រុង ដោយបានអនុញ្ញតឲ្យអ្នក ដំណើរវិលទៅកាន់ព្រលានយន្តហោះ និងស្ថានីយរថភ្លើង ។

រដ្ឋាភិបាលក្រុងតូក្យូ នៅថ្ងៃដដែលនេះ ក៏បានដកបម្រាមរឹតត្បិត លើពាណិជ្ជកម្ម ដូចជា ក្លឹបកម្សាន្តពេលព្រឹក កន្លែងកម្សាន្ត និងបានអនុញ្ញតឲ្យពលរដ្ឋចូលរួមក្នុងកម្មវិធីធំៗ ពិធីបុណ្យផ្សេងៗ ដូចជា ការប្រគំតន្ត្រី ដែលអាចឲ្យមនុស្ស ចូលរួមរហូតដល់១.០០០នាក់ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top