បរទេស៖ ប្រទេសចិន តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃអង្គារនេះថា ខ្លួននឹងចាប់វិធានការសងសឹក ដើម្បីជាការឆ្លើយតប ចំពោះការសម្រេចចិត្ត របស់សហរដ្ឋអាមេរិក ដែលបានចាប់ផ្តើម លុបបំបាត់ចោលសិទ្ធិពិសេស របស់ទីក្រុងហុងកុង ក្រោមច្បាប់របស់សហរដ្ឋអាមេរិក។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា មន្ត្រីនាំពាក្យក្រសួងការបរទេស របស់ប្រទេសចិន លោក Zhao មិនបានបញ្ជាក់ថា ទីក្រុងប៉េកាំងនឹងចាត់វិធានការអ្វីនោះទេ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក នឹងឈប់នាំចេញសម្ភារៈការពារជាតិ និងដាក់ការរឹតបន្តឹងលើទីក្រុង ហុងកុង ក្នុងការទិញ យកផលិតផលបច្ចេកវិទ្យាទំនើបនានា ស្របពេលដែលប្រទេសចិន ត្រៀមរៀបចំច្បាប់សន្តិសុខហុងកុងថ្មី។
គួរបញ្ជាក់ថា នៅក្នុងសកម្មភាពមួយ ដែលគេរំពឹងថា មិនត្រឹមតែធ្វើឲ្យ ជាប់គាំងចំណងមិត្តភាព រវាងប្រទេសចិន និងលោកខាងលិចទេ តែក៏នឹងបង្កឲ្យមានវិធានការ សងសឹកផងនោះ រដ្ឋសភារបស់ប្រទេសចិន នៅថ្ងៃអង្គារនេះ បានអនុម័តច្បាប់សន្តិសុខជាតិ ដ៏ចម្រូងចម្រាស់មួយ ដែលអ្នករិះគន់និយាយថា នឹងគម្រាមកំហែង ដល់ស្វ័យភាពរបស់ទីក្រុងហុងកុង និងសេរីភាពរបស់ប្រជាពលរដ្ឋ៕ ប្រែសម្រួល៖ប៉ាង កុង