បរទេស៖ “ Bua” ធ្លាប់រកប្រាក់បានរហូតដល់ ៤០ ០០០ បាតក្នុងមួយខែ ក្នុងនាមជានារីរកស៊ីផ្លូវភេទ នៅខេត្តឈៀងម៉ៃភាគខាងជើង ហើយនៅពេល ដែលមានមេរោគឆ្លងវីរុស បានបង្ខំឱ្យកន្លែងកម្សាន្តបិទទ្វារ ដោយទុកឱ្យនាងគ្មានការងារធ្វើ ។ ចាប់តាំងពីខែមីនាមក ម្ដាយ អាយុ ៣២ ឆ្នាំ ដែលមានកូនម្នាក់ ដែលជាជនជាតិភូមារូបនេះ បានកើនបំណុលជាង ១៥ ០០០ បាត ដើម្បីបង់ថ្លៃការសិក្សាកូនស្រី និងជួលផ្ទះ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ស្របពេលដែលប្រទេសថៃ បានប្រកាសផែនការ សម្រាប់បារហាងស្រា និងកន្លែងខារ៉ាអូខេ បើកដំណើរការឡើងវិញ ចាប់ពីថ្ងៃពុធសប្តាហ៍នេះ បន្ទាប់ពីត្រូវបានបិទអស់រយៈពេល ៤ ខែ អ្នករកស៊ីផ្លូវភេទភ័យខ្លាចថា នឹងមានអតិថិជនតិចតួច ខណៈដែលភាគច្រើនជាជនបរទេសហើយព្រំដែននៅតែបិទ។
របាយការណ៍ឆ្នាំ ២០១៤ របស់ UNAIDS ប៉ាន់ស្មានថា មានអ្នករកស៊ីផ្លូវភេទចំនួន ១២៣.៥៣០ នាក់ នៅក្នុង ប្រទេសថៃ ប៉ុន្តែក្រុមតស៊ូមតិ បានដាក់តួលេខនេះ ច្រើនជាងពីរដងនៃចំនួននោះ រួមទាំងជនចំណាកស្រុករាប់ម៉ឺននាក់ មកពីប្រទេសជិតខាងរួមមាន ប្រទេស មីយ៉ាន់ម៉ា ឡាវ កម្ពុជា និងវៀតណាម។
ឥឡូវនេះស្ត្រីវ័យក្មេងជាច្រើន ស្ថិតក្នុងចំណោមជនជាតិថៃ ២ លាននាក់ ដែលទីភ្នាក់ងារផែនការរបស់រដ្ឋជឿថា អាចនឹងគ្មានការងារធ្វើនៅឆ្នាំនេះដោយសារតែផលប៉ះពាល់នៃវីរុស។
នៅប្រទេសថៃ ពេស្យាចារគឺខុសច្បាប់ និងត្រូវផ្តន្ទាទោសពិន័យជាប្រាក់ ចំនួន ១ ០០០ បាត ហើយអតិថិជនដែលបង់ប្រាក់សម្រាប់ការរួមភេទ ជាមួយស្រ្តីរកស៊ីផ្លូវភេទ ដែលមិនទាន់គ្រប់អាយុ គឺអាចត្រូវជាប់ពន្ធនាគាររហូតដល់ ៦ ឆ្នាំ ៕ប្រែសម្រួលៈ ណៃ តុលា