បរទេស៖ មន្ទីរបញ្ចកោណ នៅថ្ងៃអង្គារសប្ដាហ៍នេះ បានចេញសេចក្តីថ្លែងការណ៍មួយ ក្នុងដំណើរគាំទ្រដល់សំណើ របស់ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ឲ្យធ្វើការរៀបចំឡើងវិញ នូវកងទពអាមេរិកចំនួន៩.៥០០នាក់ ដែលបច្ចុប្បន្នកំពុងតែឈរជើង ប្រចាំក្នុងប្រទេសអាល្លឺម៉ង់។
យោងតាមសេចក្តីថ្លែងការណ៍ ដែលធ្វើឡើង ក្រោយមានការរាយការណ៍ថា រដ្ឋសភា នឹងចាត់វិធានការថ្កោលទោស ផែនការរបស់លោកប្រធានាធិបតីនោះ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Mark Esper និងប្រធានអគ្គសេនាធិការ លោក Mark Milley បានប្រាប់សេចក្តីលម្អិត ដល់លោកប្រធានាធិបតី ស្តីពីសំណើកាលពីថ្ងៃចន្ទ។
សេចក្តីថ្លែងការណ៍មន្ទីរបញ្ចកោណ បាននិយាយប្រាប់ដូច្នេះថា “សំណើដែលបានអនុម័ត មិនត្រូវតែត្រូវ ជាមួយសេចក្តីណែនាំ របស់លោកប្រធានាធិបតីប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងធ្វើឲ្យកាន់តែប្រសើរឡើង នូវការទប់ស្កាត់រុស្ស៊ី ពង្រឹងសម្ព័ន្ធមិត្តណាតូ ធានាអះអាងចំពោះសម្ព័ន្ធមិត្ត ធ្វើឲ្យប្រសើរឡើង នូវភាពបត់បែនជាយុទ្ធសាស្ត្រ របស់សហរដ្ឋអាមេរិក និងភាពបត់បែនប្រតិបត្តិការ របស់ទីបញ្ជការអឺរ៉ុប របស់អាមរិក និងយកចិត្តទុកដាក់ ចំពោះបុគ្គលិកសេវាកម្មរបស់យើង និងក្រុមគ្រួសារ របស់ពួកគេផងដែរ”៕ ប្រែសម្រួល៖ប៉ាង កុង