បរទេស៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន នាពេលថ្មីៗនេះ បានមានប្រសាសន៍ប្រាប់ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន គួរតែជួបគ្នាជាថ្មីម្តងទៀត នៅមុនពេលការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីអាមេរិក ក្នុងខែវិច្ឆិកា។
មន្ត្រីមួយរូប បានដកស្រង់សម្តីរបស់លោក មូន ជេអ៊ីន ដូច្នេះថា “ខ្ញុំជឿថា មានភាពចាំបាច់ ដែលកូរ៉េខាងជើង និងសហរដ្ឋអាមេរិក ត្រូវសាកល្បង ធ្វើកិច្ចពិភាក្សាគ្នាម្តងទៀត នៅមុនពេលការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក ហើយបញ្ហាកម្មវិធីនុយក្លេអ៊ែ និងទណ្ឌកម្ម នៅទីបំផុត នឹងត្រូវដោះស្រាយ តាមរយៈកិច្ចពិភាក្សាគ្នា រវាងកូរ៉េខាងជើងនិងអាមេរិក”។
គួរបញ្ជាក់ថា ការថ្លែងបែបនេះ របស់លោក មូន ជេអ៊ីន គឺត្រូវបានធ្វើឡើង នៅក្នុងអំឡុងសន្និសីទមួយ ជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel នៅថ្ងៃអង្គារសប្ដាហ៍នេះ ហើយនៅក្នុងអំឡុងពេលនោះផងដែរ លោក មូន ក៏បានមានប្រសាសន៍ផងដែរថា ជំនួបកំពូលមួយផ្សេងទៀត រវាងលោក ត្រាំ និងលោក គីម នឹងជួយបន្តកិច្ចពិភាក្សា ចរចានុយក្លេអ៊ែដែលជាប់គាំង៕ ប្រែសម្រួល៖ប៉ាង កុង
