ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីចិន៖ ចិន និងថៃ ស្និតស្នាលនឹងគ្នា ដូចជាគ្រួសារតែមួយ

ប៉េកាំង៖ នាយករដ្ឋមន្ត្រីចិន លោក លី ខឹឈាង បានផ្លាស់ប្តូរសារអបអរសាទរ កាលពីថ្ងៃពុធ ជាមួយសមភាគីថៃ របស់លោក ប្រាយុទ្ធចាន់អូចា ក្នុងឱកាសគម្រប់ខួប ៤៥ ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយកាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា នៅក្នុងសាររបស់លោកលី បាននិយាយថា ប្រទេសចិននិងថៃ គឺជាប្រទេសជិតខាង ដែលមានភាពជិតស្និទ្ធ និងរួសរាយរាក់ទាក់។ ក្នុងរយៈពេល ៤៥ ឆ្នាំកន្លងមកនេះ ទំនាក់ទំនងទ្វេភាគី បានរីកចម្រើនឥតឈប់ឈរ ដោយទទួលបានលទ្ធផល ជាផ្លែផ្កាលើគ្រប់វិស័យ នៃកិច្ចសហប្រតិបត្តិការ ដោយនាំមកនូវផលប្រយោជន៍ជាក់ស្តែង ដល់ប្រជាជនទាំងសងខាង និងធ្វើជាគំរូសម្រាប់ជំរុញ ទំនាក់ទំនងរវាងចិន និងសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ (អាស៊ាន) ។

លោក លី ខឹងឈាង បន្ថែមថា នៅឆ្នាំនេះ ប្រទេសចិននិងថៃ បានជួយនិងគាំទ្រគ្នាទៅវិញទៅមក ក្នុងការប្រយុទ្ធប្រឆាំង នឹងមេរោគកូវីដ ១៩, បង្កើនមិត្តភាពជាប្រពៃណី។ លោកលីបានមានប្រសាសន៍ថា ប្រទេសចិននិងប្រទេសថៃ មានភាពជិតស្និទ្ធដូចជា គ្រួសារតែមួយផងដែរ៕ ប្រែសម្រួលៈ ណៃ តុលា

To Top