ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ចាប់ផ្ដើមបន្ដនាំចេញឧស្ម័នទៅតួកគី ខណៈកំពុងប្រឈមនឹងទណ្ឌកម្មខ្លាំង

តេអេរ៉ង់៖ យោងតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA បានឲ្យដឹងថាក្រុមហ៊ុនឧស្ម័នជាតិអ៊ីរ៉ង់ (NIGC) បានប្រកាសកាលពីថ្ងៃពុធម្សិលមិញនេះ ថាប្រទេសអ៊ីរ៉ង់ បានបន្តនាំចេញឧស្ម័នទៅប្រទេសទួរគី ខណៈប្រទេសនេះកំពុងប្រឈមនឹងទណ្ឌកម្មជាច្រើន។

អ្នកនាំពាក្យរបស់ NIGC លោក Mohammad Asgari បានលើកឡើងថាការនាំចេញឧស្ម័នទៅប្រទេសតួកគី ត្រូវបានបន្តបន្ទាប់ពីការ បញ្ចប់ការងារជួសជុល នៅក្នុងបំពង់បង្ហូរឧស្ម័នសម្រាប់នាំចេញ។

តាមការដកស្រង់សម្តីរបស់ IRNA បានឱ្យដឹងថា លំហូរឧស្ម័នទៅកាន់ប្រទេសតួកគី កំពុងតែបន្តដូចមុនទៀត។

នៅថ្ងៃទី ៣១ ខែមីនា លំហូរឧស្ម័នរបស់អ៊ីរ៉ង់ ទៅកាន់ប្រទេសតួកគីត្រូវបានបញ្ឈប់ ដោយសារតែមានការផ្ទុះនៅបំពង់ បង្ហូរប្រេងក្បែរព្រំដែននៅខាងក្នុងប្រទេសតួកគី។

បំពង់បង្ហូរប្រេងដែលបញ្ជូនឧស្ម័នអ៊ីរ៉ង់ប្រមាណ ១០ ពាន់លានម៉ែត្រគូបទៅប្រទេសតួកគីជារៀងរាល់ឆ្នាំ តែងតែរងការវាយប្រហារពីសំណាក់ក្រុមសកម្មប្រយុទ្ធឃឺដខុសច្បាប់ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ៕

ដោយ ឈូក បូរ៉ា

To Top