បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសកូរ៉េខាងជើង បាននិយាយថា ជ័យជំនះរង់ចាំប្រធានាធិបតីចិន លោក ស៊ី ជីនពីង ក្រោយប្រទេសចិនដាក់ច្បាប់សន្តិសុខជាតិ នៅក្នុងទីក្រុងហុងកុង នេះបើយោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI។
កាសែតបក្សពលករកូរ៉េខាងជើង Rodong Sinmun បានអះអាងនៅថ្ងៃពុធម្សិលមិញថា ប្រជាជនកូរ៉េខាងជើង គាំទ្រសកម្មភាពរបស់ចិន ដែលពង្រឹងការគ្រប់គ្រង ដោយបក្សតែមួយនៅក្នុងប្រទេសចិន ហើយសេចក្តីថ្លែងការណ៍នេះ គឺត្រូវបានធ្វើឡើង ក្រោយប្រធានាធិបតីចិន ចុះហត្ថលេខាច្បាប់ដាក់ទោសព្រហ្មទណ្ឌ ដល់អ្នកណាម្នាក់នៅទីក្រុងហុងកុង ដែលប្រឆាំងអាជ្ញាធររបស់ទីក្រុងប៉េកាំង។
តាមសេចក្តីរាយការណ៍ កាសែត Rodong Sinmun នោះបាននិយាយយ៉ាងដូច្នេះថា “ប្រជាជនរបស់យើង មានជំនឿចិត្តថា ប្រជាជនចិននឹងពិតជាទទួលបានជ័យជំនះ ក្នុងកិច្ចតស៊ូប្រឹងប្រែងកសាងអំណាចសង្គមនិយមទំនើប ក្រោយការដឹកនាំរបស់គណបក្សកុម្មុយនិស្តចិន និងមនុស្សដ៏សំខាន់ គឺសមមិត្ត ស៊ី ជីនពីង”៕
ប្រែសម្រួល៖ប៉ាង កុង