បរទេស៖យោងតាមលទ្ធផលបឋម ដែលចេញនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា ប្រជាជនរុស្ស៊ីបានធ្វើការបោះឆ្នោត ឲ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលអាចនឹងអនុញ្ញាតឲ្យលោកប្រធានាធិបតី វ្លាឌីមៀរ ពូទីន នៅតែស្ថិតនៅក្នុងអំណាច រហូតដល់ឆ្នាំ២០៣៦។
គណៈកម្មាធិការបោះឆ្នោតកណ្ដាល របស់ប្រទេសរុស្ស៊ី បាននិយាយនៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា ប្រជាជនជិត៧៨ភាគរយ បានបោះឆ្នោតយល់ព្រម ចំពោះការធ្វើវិសោធនកម្ម និង២១ភាគរយបោះឆ្នោតមិនយល់ព្រម ស្របពេលដែលមានការប៉ាន់ស្មានថា អ្នកមានសិទ្ធិបោះឆ្នោតចំនួន៦៥ភាគរយ បានទៅបោះឆ្នោត នៅក្នុងអំឡុងធ្វើការបោះឆ្នោតរយៈពេល១សប្ដាហ៍ ដែលបានចប់កាលពីថ្ងៃពុធម្សិលមិញនេះ។
គួរបញ្ជាក់ថា រដ្ឋធម្មនុញ្ញរបស់ប្រទេស រុស្ស៊ីបានចែងថា ប្រធានាធិបតីមួយរូប ត្រូវតែចុះចេញពីតំណែង ក្រោយឡើងកាន់អំណាចអស់រយៈពេលពីរអាណត្តិ (មួយអាណត្តិមានរយៈពេល៦ឆ្នាំ) ប៉ុន្តែវិសោធនកម្មដែលគេបោះឆ្នោតនៅក្នុងសប្ដាហ៍នេះ នឹងអនុញ្្ញាតឲ្យលោក ពូទីន អង្គុយជាប្រមុខរដ្ឋាភិបាល សម្រាប់ពីរអាណត្តិបន្ថែមទៀត៕ប្រែសម្រួល៖ប៉ាង កុង