បរទេស៖ បន្ទាប់ពីមានជម្លោះព្រំដែន ជាមួយចិននៅតំបន់ Ladakh រួចមក ប្រទេសឥណ្ឌា បានចាប់ផ្តើមវាយលុកសេដ្ឋកិច្ច លើប្រទេសចិន ដោយហាមឃាត់កម្មវិធីចិន ចំនួន ៥៩ នៅថ្ងៃច័ន្ទ និងត្រួតពិនិត្យការនាំចូលរបស់ចិន នៅកំពង់ផែរបស់ខ្លួន។ ក្រោយមក ក្រសួងពាណិជ្ជកម្មចិន បានអំពាវនាវ ឱ្យរដ្ឋាភិបាលទីក្រុងញូវដែលី កែតម្រូវសកម្មភាពរើសអើងរបស់ខ្លួន ប្រឆាំងនឹងក្រុមហ៊ុនចិន។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា យោងតាមអ្នកនាំពាក្យ ក្រសួងពាណិជ្ជកម្មចិនលោក Gao Feng , ប្រទេសចិនមិនបានអនុម័ត នូវវិធានការរឹតត្បិត ឬការរើសអើងណាមួយ ប្រឆាំងនឹងផលិតផល និងសេវាកម្មរបស់ឥណ្ឌានោះទេ ដោយបន្ថែមថា សកម្មភាពរបស់ឥណ្ឌារំលោភ លើច្បាប់អង្គការពាណិជ្ជកម្មពិភពលោក WTO។
រដ្ឋាភិបាលឥណ្ឌាបានណែនាំស្លាក“ ប្រទេសដើមកំណើត” សម្រាប់ផ្គត់ផ្គង់ដល់រដ្ឋាភិបាល តាមរយៈអនឡាញ Government e-Marketplace របស់ខ្លួនក្នុងគោលបំណង រារាំងការទិញផលិតផលចិន។
នៅថ្ងៃទី ១ ខែកក្កដារដ្ឋមន្រ្តីសហព័ន្ធឥណ្ឌាលោក Nitin Gadkari បាននិយាយថា ក្រុមហ៊ុនចិននឹងមិនត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងគម្រោងផ្លូវហាយវេ រួមទាំងការបណ្តាក់ទុនរួមគ្នាឡើយ។
នៅថ្ងៃដដែលនោះ លោកនាយករដ្ឋមន្រ្តីឥណ្ឌា ណារិនដ្រា មូឌី បានធ្វើការផ្លាស់ប្តូរជានិមិត្តរូប ដោយបញ្ឈប់កម្មវិធី ប្រព័ន្ធបណ្តាញសង្គមចិនឈ្មោះ Weibo ដែលការបញ្ឈប់នេះ គឺរយៈពេលពីរថ្ងៃបន្ទាប់ពីប្រទេសនេះ ហាមឃាត់កម្មវិធីចិនចំនួន ៥៩ ៕
ប្រែសម្រួលៈ ណៃ តុលា