បរទេស៖ ឯកអគ្គរដ្ឋទូតតួកគី ប្រចាំនៅប្រទេសបារំាង នាថ្ងៃពុធនេះ បាននិយាយប្រាប់ថា ទីក្រុងប៉ារីសទើបបានជូនដំណឹង ដល់អង្គការណាតូថា ខ្លួននឹងផ្អាកមិនចូលរួម ក្នុងប្រតិបត្តិការទ័ពជើងទឹក នៅសមុទ្រមេឌីទែរ៉ានេ ក្រោយការស៊ើបអង្កេតលើឧប្បត្តិហេតុមួយ រវាងនាវាចម្បាំងបារាំងនិងតួកគី មិនគាំទ្រដល់ការអះអាង របស់ទីក្រុងប៉ារីស។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា ចំណងមិត្តភាព រវាងសម្ព័ន្ធមិត្តណាតូទាំងពីរ គឺប្រទេសបារាំង និងប្រទេសតួកគី នាពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ មានការធ្លាក់ចុះជាខ្លំាង ជុំវិញបញ្ហាប្រទេសលីប៊ី ប្រទេសស៊ីរីភាគខាងជើង និងការខួងបូមប្រេង នៅសមុទ្រមេឌីទែរ៉ានេ ភាគខាងកើត។
ជាពិសេសប្រទេសបារាំងខឹងជាខ្លាំង ក្រោយចោទប្រកាន់នាវាចម្បាំងតួកគី ពីបទបើកយ៉ាងគឃ្លើន បុកនាវាចម្បាំងបារាំង Courbet បន្ទាប់ពីវាប៉ុនប៉ង ធ្វើការត្រួតពិនិត្យមើលនាវាមួយគ្រឿង នៅក្នុងខែមិថុនា ដែលវាសង្ស័យថា កំពុងតែបំពានបម្រាមអាវុធ របស់អង្គការសហប្រជាជាតិ លើប្រទេសលីប៊ី៕ ប្រែសម្រួល៖ប៉ាង កុង