បរទេស៖ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានជប៉ុន បានឲ្យដឹងថា ជនផ្តាច់ខ្លួនកូរ៉េខាងជើង មានសញ្ជាតិជប៉ុនម្នាក់ ទើបត្រូវបានដោះលែង ពីមន្ទីរឃុំឃាំងចិន ក្រោយជាប់ពន្ធនាគារអស់រយៈពេល ៥ឆ្នាំ ពីបទលួចស៊ើបការណ៍សម្ងាត់ ។
ទីភ្នាក់ងារសារព័ត៌មានជប៉ុន Yomiuri Shimbun បានរាយការណ៍ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា បុរសដែលបានចាប់ឃុំខ្លួន នៅក្នុងឆ្នាំ២០១៥ ក្នុងទីក្រុង Dandong ស្ថិតនៅតាមព្រំដែនប្រទេសចិន ដោយជាប់ចោទពីបទ លួចស៊ើបការណ៍សម្ងាត់នោះ ទើបត្រូវបានដោះលែង និងកំពុងតែគ្រោងវិលត្រឡប់ មកផ្ទះនៅប្រទេសជប៉ុនវិញ។
កាសែតជប៉ុនដដែលនេះ បានពិពណ៌នាអ្នកទោស ត្រូវដោះលែងថា ជាជនផ្តាច់ខ្លួនមានវ័យ ៥៩ឆ្នាំ និងជាអ្នកស្រុកនៅខេត្ត កាណាហ្គាវ៉ា។ គាត់ត្រូវបានដោះលែង ពីពន្ធនាគារចិន មានទីតាំងស្ថិតនៅក្នុង ទីក្រុងភាគពាយព្យ Dalian ក្នុងខេត្ត Liaoning ៕
ប្រែសម្រួល៖ ប៉ាង កុង