បរទេស៖ កោះតៃវ៉ាន់ នៅថ្ងៃសុក្រនេះ បាននិយាយប្រាប់ថា ខ្លួននឹងបើកជាថ្មីឡើងវិញនូវស្ថានកុងស៊ុល របស់ខ្លួនលើកោះហ្គាម ជាកោះទីតាំងយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក ដែលមានមូលដ្ឋាន យោធាអាមេរិកដ៏ធំមួយ នៅមហាសមុទ្រប៉ាស៊ីហ្វិក ជាផ្នែកមួយនៃពិភពលោក ដែលប្រទេសចិនកំពុងតែ បង្កើនវិសាលភាពការទូតរបស់ខ្លួន។
ក្រសួងការបរទេសតៃវ៉ាន់ បាននិយាយប្រាប់ថា ការបើកការិយាល័យសេដ្ឋកិច្ចនិងវប្បធម៌របស់ទីក្រុងតៃប៉ិ ឡើងវិញលើកោះហ្គាម ក្រោយពីបិទក្នុងឆ្នាំ២០១៧ ដោយសារហេតុផលថវិកានោះ គឺជាការឆ្លើយតបមួយ ចំពោះចំណងមិត្តភាព កាន់តែជិតស្និទ្ធឡើងរវាងតៃវ៉ាន់និងអាមេរិក និងជាសារៈសំខាន់យុទ្ធសាស្ត្រ នៃតំបន់ប៉ាស៊ីហ្វិក។
យោងតាមសេចក្តីរាយការណ៍ ក្រសួងតៃវ៉ាន់បាននិយាយយ៉ាងដូច្នេះថា ថា ការបើកការិយាល័យសេដ្ឋកិច្ច និងវប្បធម៌របស់ទីក្រុងតៃប៉ិ ឡើងវិញលើកោះហ្គាម នឹងសម្រួលដល់សហប្រតិបត្តិការ សេដ្ឋកិច្ចនិងជំនួញ និងការផ្លាស់ប្តូរគ្នាទៅវិញទៅមក រវាងតៃវ៉ាន់និងតំបន់ប៉ាស៊ីហ្វិកភាគខាងលិច ធ្វើឲ្យកាន់តែស៊ីជម្រៅ នូវចំណងមិត្តភាពរបស់តៃវ៉ាន់ជាមួយសម្ពន្ធមិត្តប៉ាស៊ីហ្វិក និងបង្កើនការផ្លាស់ប្តូរពហុភាគី”៕
ប្រែសម្រួល៖ ប៉ាង កុង