ហ្គាហ្សា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០ថា ប្រភពពីក្រុមគ្រូពេទ្យបានឲ្យដឹងថា កាលពីថ្ងៃសុក្រ មានអ្នករងរបួសជាច្រើននាក់ នៅក្នុងអំឡុងពេលប៉ះទង្គិចគ្នារវាង់ក្រុមបាតុករប៉ាឡេស្ទីន និងកងកម្លាំងយោធាអ៊ីស្រាអ៊ែល ដែលធ្វើការតវ៉ានៅតំបន់ West Bank ប្រឆំាងនឹងគ្រោងការដាក់បញ្ចូលតំបន់ក្នុងប្រទេសអ៊ីស្រាអ៊ែល ។
ប្រភពបាននិយាយថា យោធាអ៊ីស្រាអ៊ែល បានបាញ់ និងបង្កឲ្យមានរបួសដល់ក្រុមយុវជនរបសប៉ាឡេស្ទីន នៅក្នុងអំឡុងពេលតវ៉ា នៅជិតក្រុងភាគខាងជើងតំបន់ West Bank គឺក្រុង Nablus ប្រឆាំងនឹងរឿងដាក់ប៉ុស្តិ៍ចំនួន២កន្លែង តាំងនៅក្នុងតំបន់នោះដោយអ៊ីស្រាអ៊ែល ។
លោក Ghassan Daghlas មន្ត្រីអាជ្ញាធរប៉ាឡេស្ទីនមួយរូប ដែលជាអ្នកត្រួតពិនិត្យទៅលើសកម្មភាពបំពាន នៅភាគខាងជើងនៃតំបន់ West Bank បានប្រាប់ដល់ទីភ្នាក់ងារស៊ិនហួថា យោធារបស់អ៊ីស្រាអ៊ែល បានបើកការបាញ់ប្រហារ មកលើក្រុមបាតុករជាច្រើននាក់ដែលជាជនជាតិប៉ាឡេស្ទីន និងបង្កឲ្យមានរបួសម្នាក់នៅក្បែរក្រុង Nablus ។
ទន្ទឺមនឹងនេះដែរ ក្រុមសង្គមនិយមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា យោធាអ៊ីស្រាអ៊ែល បានបង្កឲ្យពលរដ្ឋប៉ាឡេស្ទីន ចំនួន១៥នាក់រងរបួស និងបង្កឲ្យរងការឈឺចាប់មនុស្សជាច្រើននាក់ទៀត ដោយសារការបាញ់ឧស្ម័នបង្ហូរទឹកភ្នែក នៅភាគខាងជើងក្រុង Qalqilya ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា