ព័ត៌មានអន្តរជាតិ

អំពើបាញ់ប្រហារគ្នា នៅភាគខាងត្បូង ហ្វីលីពីន បណ្តាលឲ្យស្លាប់ និងរបួស៨នាក់

ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០ថា អ្នកនាំពាក្យយោធាម្នាក់ បាននិយាយនៅថ្ងៃសៅរ៍នេះថា ទាហានម្នាក់ យោធា២នាក់ និងជនស៊ីវិលម្នាក់ ត្រូវបានសម្លាប់នៅក្នុងពេលបាញ់ប្រហារមួយនៅខេត្ត Basilan ដែលជាខេត្តដែនកោះមួយ ស្ថិតនៅភាគខាងត្បូងនៃប្រទេសហ្វីលីពីន ដែលបានកើតឡើងកាលពីល្ងាចថ្ងៃសុក្រ ។

លោក Arvin Encinas មេបញ្ជាការយោធាមកពីបញ្ជាការដ្ឋាន ក្រុមមីនដាណាវយោធាប្រចាំភាគខាងលិច បានលើកឡើងថា មនុស្ស៤នាក់ផ្សេងទៀតបានរងរបួសដែរ នៅក្នុងពេលបាញ់ប្រហារនោះ ដោយបានកើតឡើងនៅវេលាម៉ោងប្រមាណ៩និង៣០នាទីយប់ កាលពីថ្ងៃសុក្រ នៅតំបន់ភូមិដាច់ស្រយាលមួយនៅជិតក្រុង Tipo-Tipo ។

សេចក្តីរាយការណ៍ដាច់ដោយឡែកមួយបានឲ្យដឹងថា ក្រុមសេនាធិការចម្រុះប្រចាំនៅកោះ Basilan បាននិយាយថា ការបាញ់ប្រហារនោះបានកើតឡើងនៅចម្ងាយប្រមាណ១២០គីឡូម៉ែត្រពីមូលដ្ឋានយោធាមួយ ។ ក្រុមនេះបានបញ្ជាក់ថា អ្នកវាយប្រហារ គឺជាអ្នកស្រុកនៅឃ្លាំមើលសភាពការណ៍នៅទីនោះ ដែលដឹកនាំដោយកាប់ពីទែន Karim Manisan ។ ក្រុមជនសង្ស័យ បានរត់ភៀសខ្លួនបាត់ បន្ទាប់ពីបានបង្កឲ្យមានឧប្បត្តិហេតុនេះ ។

ប៉ូលិស និងកងកម្លាំងយោធា ឥឡូវនេះ កំពុងតាមប្រមាញ់រកកាប់ពីទែន Manisan និងអ្នកដែលពាក់ព័ន្ធនឹងការបាញ់សម្លាប់មនុស្សទាំងនេះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top