ព័ត៌មានអន្តរជាតិ

ករណីក្រឡាប់ទូកលិច នៅនីហ្សេរីយ៉ា លទ្ធផលស្លាប់៦ និងបាត់ខ្លួនម្នាក់


អាប៊ូចា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៥ ខែកក្កដា ឆ្នំា២០២០ថា ក្រុមអាជ្ញាធរក្នុងស្រុកបានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ពលរដ្ឋចំនួន៦នាក់ ត្រូវបានគេបញ្ជាក់ថា ស្លាប់ និងម្នាក់ផ្សេងទៀតត្រូវបានគេប្រកាសថា បាត់ខ្លួន បន្ទាប់ពីមានហេតុការណ៍ក្រឡាប់ទូកលិចនៅតំបន់ពាណិជ្ជកម្មដ៏ធំរបស់ប្រទេសនីហ្សេរីយ៉ា ។

អាជ្ញាធរគ្រប់គ្រងដែនទឹកនៅរដ្ឋ Lagos បានឲ្យដឹងថា ប្រតិបត្តិការនៃការជួយសង្គ្រោះបានប្រព្រឹត្តទៅ ហើយនៅតែបន្តការរុករកដដែល បន្ទាប់ពីមានឧប្បត្តិហេតុកើតឡើង នៅជិតតំបន់ Ikorodu ដែលជាទីតាំងស្ថិតនៅជាយក្រុង Lagos កាលពីថ្ងៃសុក្រ ។

លោក Oluwadamilola Emmanuel ប្រធានអាជ្ញាធរនៅរដ្ឋ Lagos បានថ្លែងថា សរុបមានពលរដ្ឋចំនួន២១នាក់ ក្នុងនោះបូករួមទាំងកាប់ពីទែន នៅលើទូកនោះ ប៉ុន្តែ១៤នាក់ ក្នុងចំណោមពួកគេ ត្រូវបានជួយសង្គ្រោះអាយុជីវិតបានទាន់ពេលវេលា ។

លោក Emmanuel បានប្រាប់ដល់បណ្តាអ្នកសារព័ត៌មាននៅក្រុង Lagos ថា ទូកបានលិចចូលជ្រៅក្នុងទឹក ដែលជាលទ្ធផលគឺក្រឡាប់តែម្តង ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top