សេអ៊ូល៖ អ្នកការទូតកំពូល នៃប្រទេសកុម្មុយនិស្តមួយរូប បានលើកឡើងថា កូរ៉េខាងជើង មិនមានអារម្មណ៍ ចង់ជួបជាមួយសហរដ្ឋអាមេរិក សម្រាប់កិច្ចពិភាក្សានោះទេ ដោយចោទប្រកាន់ក្រុងវ៉ាស៊ីនតោនថា បានឆ្លៀតយកឱកាស នៃការសន្ទនារវាងប្រទេសទាំងពីរ គ្រាន់តែជា“ ឧបករណ៍សម្រាប់ ដោះស្រាយវិបត្តិនយោបាយ របស់ខ្លួនប៉ុណ្ណោះ” ។
អនុរដ្ឋមន្រ្តី ក្រសួងការបរទេសទីមួយ លោក Choe Son-hui បានធ្វើការកត់សម្គាល់ នៅពេលនិយាយ អំពីកិច្ចប្រជុំកំពូលមួយទៀត រវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលទទួលបានការចាប់អារម្មណ៍ នាពេលថ្មីៗនេះ បន្ទាប់ពីប្រធានាធិបតី មូន ជេអ៊ីន បានលើកឡើងថា លោកនឹងជំរុញ ឱ្យមានកិច្ចប្រជុំបែបនេះ កើតឡើងមុនខែវិច្ឆិកា ដែលជាការបោះឆ្នោត ប្រធានាធិបតីអាមេរិក។
អតីតទីប្រឹក្សា សន្តិសុខជាតិអាមេរិក លោក ចន បូលតុន ក៏បានឲ្យដឹងផងដែរថា លោក ត្រាំ អាចជួបជាមួយគីម ប្រសិនបើលោកជឿជាក់ថា កិច្ចប្រជុំកំពូលមួយនឹងជួយផ្តល់ឱកាសឡើងវិញដល់លោក ក្នុងនោះលោកបានបញ្ជាក់ថាការប្រជុំបែបនេះ អាចកើតឡើង ជាការភ្ញាក់ផ្អើលមួយ នៅខែតុលាមុនពេលបោះឆ្នោត៕ ដោយ៖ ឈូក បូរ៉ា