បរទេស៖ ក្រោយរយៈពេលពីរថ្ងៃ បន្ទាប់ពីទីក្រុងព្យុងយ៉ាង ច្រានចោលភាពអាចទៅរួច នៃជំនួបកំពូលមួយផ្សេងទៀត ជាមួយសហរដ្ឋអាមេរិកនោះ បេក្ខភាពរដ្ឋមន្ត្រីបង្រួបបង្រួម របស់ប្រទេសកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃចន្ទនេះថា កិច្ចពិភាក្សាចរចាគ្នា ជាមួយប្រទេសកូរ៉េខាងជើង ត្រូវតែបន្តក្រោមកាលៈទេសៈណាមួយ។
លោក Lee In-young ជាសមាជិករដ្ឋសភា មកពីបក្សកាន់អំណាច ក៏បានប្តេជ្ញាផងដែរថា នឹងស្វះស្វែងរកដំណោះស្រាយ ប្រកបដោយភាពច្នៃប្រឌិត ដើម្បីសម្រេចបានសន្តិភាព ជាមួយប្រទេសកូរ៉េខាងជើង ស្របពេលដែលលោក ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងពេលធ្វើដំណើរ ទៅដល់ការិយាល័យអន្តរពិភាក្សាកូរ៉េ សម្រាប់ការងារជាលើកទីមួយ ចាប់តាំងពីទទួលការតែងតាំង នៅថ្ងៃសុក្រមក។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង យុនហាប់ ចេញផ្សាយនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ លោក Lee In-young ក៏បានអំពាវនាវឲ្យកូរ៉េខាងជើង ផ្អាកសកម្មភាពណាមួយ ដែលបង្កឲ្យមានភាពតានតឹងយោធា និងបានថ្លែងដូច្នេះថា “វាជារឿងគួរឲ្យត្រេកអរ ដែលកិច្ចពិភាក្សា រវាងកូរ៉េខាងត្បូងនិងកូរ៉េខាងជើង និងរវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក បន្តដំណើរការទៅមុខ ដោយគ្មានការផ្អាកឈប់ ក្រោមកាលៈទេសៈណាមួយនោះទេ”៕ ប្រែសម្រួល៖ប៉ាង កុង