បរទេស៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បានមានប្រសាសន៍ នៅថ្ងៃចន្ទសប្ដាហ៍នេះថា សហរដ្ឋអាមេរិក កំពុងតែសម្លឹងដាក់បម្រាមលើ កម្មវិធីបណ្ដាញសង្គមចិន ដែលរួមមានទាំងកម្មវិធី TikTokផងដែរ ដោយលើកឡើងថា វាចែករំលែកព័ត៌មាន ដល់រដ្ឋាភិបាលចិន។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា នៅក្នុងបទសម្ភាសន៍មួយ ជាមួយកាសែត Fox News លោករដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិករូបនេះ បានមានប្រសាសន៍ដូច្នេះថា “ខ្ញុំមិនចង់ប្រឈមមុខ ជាមួយលោកប្រធានាធិបតី (ដូណាល់ ត្រាំ) ទេ ប៉ុន្តែវាជារឿងដែលយើងកំពុងតែពិចារណា”។
គួរបញ្ជាក់ថា សមាជិករដ្ឋសភាសហរដ្ឋអាមេរិក នាពេលថ្មីៗនេះ បានបង្ហាញពីក្តីព្រួយបារម្ភសន្តិសុខជាតិ ជុំវិញក្តោបក្តាប់ទិន្នន័យ អ្នកប្រើប្រាស់បណ្ដាញសង្គម TikTok ដោយនិយាយថា ពួកគេមានក្តីព្រួយបារម្ភអំពីច្បាប់ចិន ដែលតម្រូវឲ្យក្រុមហ៊ុនក្នុងស្រុក គាំទ្រនិងសហការជាមួយការងារ ស៊ើបការណ៍សម្ងាត់ ដែលគ្រប់គ្រងដោយបក្សកម្មុយនិស្តចិន ៕
ប្រែសម្រួល៖ ប៉ាង កុង