ព័ត៌មានអន្តរជាតិ

ទឹកជំនន់នៅជប៉ុន៖ ប្រជាជនជប៉ុនប្រមាណ ១,៣ លាននាក់ នៅភាគនិរតីប្រទេស ត្រូវបានគេប្រាប់ឱ្យជម្លៀសខ្លួន

តូក្យូ៖ ប្រព័ន្ធផ្សព្វផ្សាយ NHK បានរាយការណ៍ នៅថ្ងៃអង្គារនេះថា ប្រទេសជប៉ុន បានដាក់ការព្រមានជម្លៀសប្រជាជន ១,២៨ លាននាក់ដែលរស់នៅក្នុងខេត្តចំនួន ៤ នៅភាគនិរតី ចំពេលមានភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ និងការបាក់ដី។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា ទីភ្នាក់ងារឧតុនិយមជប៉ុន បានចេញសេចក្តីប្រកាសអាសន្ន កម្រិតខ្ពស់បំផុតនៅថ្ងៃច័ន្ទ សម្រាប់ប្រជាជននៅកោះ Kyushu ដែលជំរុញឱ្យមន្ត្រី ក្នុងតំបន់ដាក់បញ្ជាជម្លៀសប្រជាជន នៅតំបន់ Fukuoka, Kumamoto, Nagasaki និងខេត្ត Oita។

ភាគនិរតីប្រទេសជប៉ុន ត្រូវបានវាយប្រហារដោយទឹកជំនន់ និងការបាក់ដី ចាប់តាំងពីថ្ងៃសៅរ៍មក។ ភ្លៀងធ្លាក់ខ្លាំងបណ្តាលឱ្យមនុស្ស ៥២ នាក់ស្លាប់ និង ១២ នាក់ទៀតកំពុងបាត់ខ្លួន។ គ្រួសារជាង ៧.០០០ គ្រួសារ គ្មានអគ្គិសនីប្រើប្រាស់ ក្នុងតំបន់ដែលរងផលប៉ះពាល់។

ក្រុមមន្រ្តីនិយាយថា ការខូចខាតកាន់តែច្រើន ត្រូវបានគេរំពឹងទុក ហើយជំរុញ ឱ្យប្រជាជនជម្លៀស ទៅអគារដែលមានគ្រឹះរឹងមាំ ប្រសិនបើពួកគេ មិនអាចទៅដល់ទីជំរកបន្ទាន់។

បុគ្គលិកសង្គ្រោះបន្ទាន់ និងទាហានប្រមាណ ១ ម៉ឺននាក់ ចូលរួមក្នុងបេសកកម្ម ស្វែងរកនិងជួយសង្គ្រោះ៕ ប្រែសម្រួលៈ ណៃ តុលា

To Top