ញូដេលី ៖ ប្រទេសឥណ្ឌានិងចិន មានជម្លោះព្រំដែនអស់ រយៈពេលជាង ៦០ ថ្ងៃនៅភាគខាងកើតក្នុងតំបន់ Ladakh តាមបណ្តោយបន្ទាត់ព្រំដែន ត្រួតពិនិត្យជាក់ស្តែង ៤.០៥៧ គីឡូម៉ែត្រ ដែលជាព្រំដែន រវាងរដ្ឋទាំងពីរ ។ កាលពីថ្ងៃច័ន្ទភាគីទាំងសងខាង បានយល់ព្រមផ្តាច់កងទ័ព នៅជ្រលងភ្នំហ្គាវ៉ាន់ ដែលទាហានឥណ្ឌា ២០ នាក់ត្រូវបានសម្លាប់ នៅក្នុងការប្រយុទ្ធគ្នាមួយ កាលពីថ្ងៃទី ១៥ ខែមិថុនា។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា យ៉ាងណាក៏ដោយ កងទ័ពអាកាសឥណ្ឌា (IAF) បានត្រៀមខ្លួនរួចជាស្រេច សម្រាប់សង្គ្រាម ដោយធ្វើសមយុទ្ធ ជាមួយនឹងយន្តហោះចម្បាំង MiG-29, ឧទ្ធម្ភាគចក្រ Apache និងយន្តហោះផ្សេងទៀត នៅក្នុងតំបន់ព្រំដែន ដែលមានយុទ្ធសាស្ត្រ។
កាលពីថ្ងៃអង្គារ IAF បានចុះចតយន្តហោះដឹកជញ្ជូនធុន AN-32 មួយគ្រឿងនិងឧទ្ធម្ភាគចក្រយោធា Mi17 នៅអាកាសយានដ្ឋាន Chinyalisaur ក្នុងខេត្ត Uttarakhand ចម្ងាយប្រហែល ១២០ គីឡូម៉ែត្រពីព្រំដែន ជាមួយប្រទេសចិន។
រដ្ឋមន្រ្តីក្រសួងការពារជាតិ លោក Rajnath Singh បានពិនិត្យមើលការដាក់ពង្រាយ ជាមួយប្រធានអង្គការផ្លូវព្រំដែន ដែលអនុវត្តគម្រោងអភិវឌ្ឍន៍ផ្លូវ នៅតំបន់នោះ។ ប្រទេសចិនបានជំទាស់ ចំពោះកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេស ឥណ្ឌាតាមបណ្តោយ LAC ៕
ប្រែសម្រួលៈ ណៃ តុលា