បរទេស៖ យោងតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង បានឲ្យដឹងថា សកម្មភាពដឹកជញ្ជូនទំនិញ រវាងប្រទេសចិន និងប្រទេសកូរ៉េខាងជើង មានការធ្លាក់ចុះជាខ្លាំង ក្រោយពីមានរលកទីពីរ នៃមេរោគកូរ៉ូណា នៅក្នុងទីក្រុងប៉េកាំង និងតំបន់នៅជុំវិញ។
ទីភ្នាក់ងារ សារព័ត៌មានផ្លូវការកូរ៉េខាងត្បូង យុនហាប់ បានរាយការណ៍នៅថ្ងៃអង្គារ ម្សិលមិញនេះថា រថយន្តធុនធំ ដែលដឹកជញ្ជូនទំនិញ ចេញពីប្រទេសចិន ទៅកាន់ប្រទេសកូរ៉េខាងជើង នៅតាមទីក្រុងដាន់ដុង ដែលស្ថិតនៅតាមព្រំដែននោះ មានការធ្លាក់ចុះជាខ្លាំង។
គួរបញ្ជាក់ថា ការធ្លាក់ចុះ ក្នុងសកម្មភាពដឹកទំនិញនេះ គឺបានកើតមានឡើង បន្ទាប់ពីលោក គីម ជុងអ៊ុន បាននិយាយប្រាប់សមាជិក គណបក្សពលករកូរ៉េ នៅក្នុងអំឡុង កិច្ចប្រជុំការិយាល័យនយោបាយ ដើម្បីការពារប្រឆាំង មិនឲ្យមានការបន្ធូរបន្ថយ គោលនយោបាយ ទប់ស្កាត់ជំងឺឆ្លងរាតត្បាតថ្មី៕ ប្រែសម្រួល៖ប៉ាង កុង