ព័ត៌មានអន្តរជាតិ

តួកគី និងអ៊ីតាលី យល់ស្របគ្នាថា លីប៊ីត្រូវការដំណោះស្រាយ នយោបាយ

បរទេស៖ យោងតាមសេចក្តីថ្លែងការណ៍មួយ ធ្វើឡើងដោយក្រសួងការពារជាតិតួកគី បានឲ្យដឹងថា រដ្ឋមន្ត្រីការពារជាតិរបស់ ប្រទេសតួកគី និងប្រទេសអ៊ីតាលី បានព្រមព្រៀងគ្នានៅក្នុង កិច្ចពិភាក្សាគ្នាកាលពីថ្ងៃអង្គារ ស្តីពីភាពចាំបាច់ត្រូវមាន ដំណោះស្រាយនយោបាយមួយ ចំពោះជម្លោះនៅលីប៊ី។

នៅក្នុងសំណេរមួយ រដ្ឋមន្ត្រីការពារជាតិតួកគី លោក Hulusi Akar បានមានប្រសាសន៍យ៉ាងដូច្នេះថា “យើងអង្កេតឃើញយ៉ាងរីករាយថា យើងមានទស្សនៈរួម និងប្រហាក់ប្រហែលគ្នា លើបញ្ហានានាជាច្រើន” ហើយលោកបន្ថែមទៀតថា សហប្រតិបត្តិការសន្តិសុខ និងការពារជាតិរវាងប្រទេស នឹងផ្តល់ផលប្រយោជន៍ឲ្យ ដល់តំបន់សមុទ្រមេឌីទែរ៉ានេ។

គួរបញ្ជាក់ថា ក្នុងជម្លោះនៅក្នុងប្រទេសលីប៊ី ប្រទេសតួកគី ដែលមានកម្លាំងយោធាធំបំផុត លំដាប់ទីពីរក្នុងអង្គការណាតូ មានការគាំទ្រចំពោះរដ្ឋាភិបាល GNA ដែលអន្តរជាតិទទួលស្គាល់ ស្របពេលដែលមេបញ្ជាការ លីប៊ីនៅភាគខាងកើត លោក Khalifa Haftar បានទទួលការគាំទ្រ ពីសហភាពអារ៉ាប់រួម អេហ្ស៊ីប និងរុស្ស៊ី ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top