បរទេស៖ លោក Joe Biden ដែលជាបេក្ខភាព មកពីគណបក្សប្រជាធិបតេយ្យ ដ៏មានសង្ឃឹម បានសន្យាថា នឹងចូលរួមជាថ្មី ជាមួយអង្គការសុខភាពពិភពលោក ប្រសិនបើជាប់ឆ្នោត ជាប្រធានាធិបតីអាមេរិក។ លោកបានបន្ថែមថា ជនជាតិអាមេរិកមានសុវត្ថិភាព នៅពេលដែលសហរដ្ឋអាមេរិក ចូលរួមពង្រឹងសុខភាពពិភពលោក។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា រដ្ឋបាលសហរដ្ឋអាមេរិក បានជូនដំណឹងនៅថ្ងៃអង្គារ ទៅអង្គការសហប្រជាជាតិ និងសភា អំពីការដកខ្លួន ចេញពីអង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី ៦ ខែកក្កដាឆ្នាំ ២០២១ ។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ តែងតែធ្វើការចោទប្រកាន់អង្គការនេះថា បានឃុបឃិតជាមួយប្រទេសចិន ដើម្បីលាក់បាំងប្រភពដើម និងការដោះស្រាយការផ្ទុះឡើង នៃវីរុសនេះ។
កាលពីខែមេសាលោក ត្រាំ បានប្រកាសបង្កកថវិកា ជាបណ្តោះអាសន្នរបស់សហរដ្ឋអាមេរិក សម្រាប់អង្គការសុខភាពពិភពលោក និងបានព្រមានថា ការបង្កកនឹងក្លាយជាអចិន្រ្តៃយ៍ ដរាបណាអង្គការនេះ ប្តេជ្ញាផ្លាស់ប្តូរសំខាន់ៗ ក្នុងរយៈពេល ៣០ ថ្ងៃ។
ទោះជាយ៉ាងណាក៏ដោយ នៅចុងខែឧសភា លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងដកខ្លួន ចេញពីអង្គការសុខភាពពិភពលោក និងបង្វែរមូលនិធិ ទៅនឹងតម្រូវការ សុខភាពពិភពលោកផ្សេងទៀត៕ ប្រែសម្រួលៈ ណៃ តុលា