ព័ត៌មានអន្តរជាតិ

ជនអន្តោប្រវេសន៍ខុសច្បាប់ ១៨នាក់ ត្រូវបានជួយសង្គ្រោះ ដោយឆ្មាំសមុទ្រលីប៊ី ខណៈជនអន្តោប្រវេសន៍ ៧នាក់ បាត់បង់ជីវិត

ទ្រីប៉ូលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ថា អង្គការអន្តោប្រវេសន៍អន្តរជាតិ (IOM) បានឲ្យដឹងកាលពីថ្ងៃពុធថា ជនអន្តោប្រវេសន៍ចំនួន១៨នាក់ ត្រូវបានជួយសង្គ្រោះ នៅឆ្នេរសមុទ្រលីប៊ី ទន្ទឹមនឹងដែរ មនុស្ស៧នាក់ផ្សេងទៀតបានស្លាប់ នៅឯសមុទ្រ ។

អង្គការ IOM បានឲ្យដឹង នៅលើបណ្តាញ Twitter ថា “ថ្ងៃនេះ ជនអន្តោប្រវេសន៍ចំនួន១៨ ត្រូវបាននាំមកក្រុងទី្រប៉ូលីវិញ ដោយក្រុមឆ្មាំសមុទ្រ របស់ប្រទេសលីប៊ី ហើយមនុស្ស៧នាក់ បាត់បង់ជីវិតក្នុងអំឡុងពេល ដែលពួកគេចំណាយពេល នៅលើទូកអស់១សប្តាហ៍ ដែលបណ្តែតលើសមុទ្រ” ។

អង្គការ IOM បានឲ្យដឹងថា “ជនអន្តោប្រវេសន៍ចំនួន៤នាក់ មានសុខភាពមិនល្អ ហើយបានបញ្ជូនទៅកាន់គ្លីនិក ដើម្បីជួយសង្គ្រោះ” ។

អង្គការ IOM បានប៉ាន់ប្រមាណថា ជនអន្តោប្រវេសន៍ខុសច្បាប់ លើសពី៥.៧០០នាក់ បានត្រូវជួយសង្គ្រោះ និងបានវិលត្រឡប់មកកាន់លីប៊ីវិញ ដោយក្រុមឆ្មាំសមុទ្ររបស់ប្រទេសលីប៊ី នៅក្នុងឆ្នាំនេះ ទន្ទឹមនឹងនេះដែរ ជនអន្តោប្រវេសន៍ខុសច្បាប់ ៩.២២៥នាក់ ត្រូវបានជួយសង្គ្រោះ និងវិលត្រឡប់មកលីប៊ីវិញ ក្នុងឆ្នំា២០១៩ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top