ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអាមេរិក ជំរុញឱ្យសាលារៀនបើកឡើងវិញ ទោះបីអ្នកឆ្លងជំងឺកូវីដ១៩ នៅតែមានច្រើន រហូតដល់ជាង ៣លាននាក់

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានឈានដល់ចំនួនមនុស្ស ៣ លាននាក់ ដែលបានអះអាងថា បានឆ្លងវីរុសកូរ៉ូណា កាលពីថ្ងៃពុធ ខណៈលោកប្រធានាធិបតី ដូណាល់ ត្រាំ បានជំរុញ ឱ្យសាលារៀនបើកឡើងវិញ ចំពេលមានការលេចចេញជាថ្មី នៃមេរោគកូវីដ១៩ នៅតាមតំបន់ភាគខាងត្បូងជាច្រើន។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា សហរដ្ឋអាមេរិក នៅតែជាប្រទេស ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុត ដោយមានមនុស្សស្លាប់ជាង ១៣២.០០០ នាក់ ខណៈដែលប្រេស៊ីល ដែលប្រធានាធិបតី លោក Jair Bolsonaro បានធ្វើតេស្ត៍វិជ្ជមានសម្រាប់ជំងឺនេះ គឺជាប្រទេសនៅចំណាត់ថ្នាក់ទី ២ ដែលមានអ្នកស្លាប់ជិត ៦៧.០០០ នាក់ និងមានអ្នកឆ្លងជិត ១,៧ លាននាក់។

នៅពេលការឆ្លង បានកើនឡើងចំនួន ៥៥.០០០ នាក់បន្ថែមទៀត នាំឱ្យចំនួនអ្នកឆ្លងកើនដល់ចំនួន ៣.០៤៦.៣៥១ នាក់នៅថ្ងៃពុធលោក ដូណាល់ ត្រាំ បានអំពាវនាវ ឱ្យនិស្សិតត្រឡប់ ទៅសាលារៀនរបស់ពួកគេវិញ នៅរដូវស្លឹកឈើជ្រុះ ហើយបានរិះគន់ទៅលើ មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺ ចំពោះការចេញសេចក្តីណែនាំ ដែលគាត់បាននិយាយថា តឹងរ៉ឹងពេក៕ ប្រែសម្រួលៈ ណៃ តុលា

To Top